ភ្នំពេញ៖ សាលាគណរាជធានីភ្នំពេញបានស្នើព្រះចៅអធិការគ្រប់វត្តអារាមក្នុងរាជធានីភ្នំពេញ វាយជួង រគាំង និងទូងស្គរ ដើម្បីអបអរសាទរពិធីដង្ហែព្រះអគ្គិជ័យកីឡា ពីត្រង់ចំណុចផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល -រាជធានីភ្នំពេញ បន្តឆ្ពោះទៅចំណុចវមណីយដ្ឋានវត្តភ្នំ នឹងទៅតម្កល់រក្សាទុកនៅវត្តលង្កាព្រះកុសុមារាម រហូតដល់ចប់ក្បួនដង្ហែ។
ព្រះអគ្គិជ័យកីឡា នឹងវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីដង្ហែវិលជុំប្រទេសសមាជិកអាស៊ានចំនួន ៩ប្រទេស គឺប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ សិង្ហបុរី ម៉ាឡេស៊ី ទីម័រខាងកើត ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។
ព្រះអគ្គិជ័យកីឡា នឹងត្រឡប់មកពីប្រទេសឡាវចូលមកខេត្តស្ទឹងត្រែង នឹងបន្តដង្ហែមកភ្នំពេញនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ នៅថ្ងៃទី២៩ ភ្លើងគប់បន្តដង្ហែឆ្ពោះទៅតាមខេត្តជាប់បឹងទន្លេសាប ហើយបន្តឆ្ពោះមកភ្នំពេញវិញ នៅថ្ងៃទី០៥ ខែឧសភា ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងបើកព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមឆ្នាំ២០២៣៕