ភ្នំពេញ៖ អាជ្ញាធរកំពុងតែតាមចាប់ជនសង្ស័យ២នាក់ ដែលបានលួចហែកគុកចេញពីកន្លែងឃុំឃាំងបណ្តោះអាសន្ននៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់មក EAC news ឱ្យដឹងថា ជនសង្ស័យ ២នាក់នោះ ដោយម្នាក់ជាជនជាតិបរទេសដែលរងពីបទចោទចាក់សម្លាប់ជនជាតិបរទេស និងជនសង្ស័យម្នាក់ទៀតជាជនជាតិខ្មែរត្រូវវបានឃាត់ខ្លួនពីបទលួចរថយន្តរត់ទៅដល់ខេត្តបន្ទាយមានជ័យ។
បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា មូលហេតុដែលជនសង្ស័យទាំងពីរនាក់អាចរត់ចេញពីមន្ទីរឃុំឃាំងបានគឺដោយសារតែកាលពីយប់មិញមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងកន្លែងឃុំឃាំង ខណៈពេលនោះជនសង្ស័យក៏ឆ្លៀតឱកាសហែកគុករត់តែម្តងទៅ។
លោកនិយាយដូច្នេះថា៖ «ដាច់ភ្លើងមួយភ្លែតហ្នឹងក៏ឮឆោឡោចេញពីកន្លែងឃុំឃាំងបណ្តោះអាសន្ន កងកម្លាំងយើងចូលទៅមើលទៅ ក៏ឃើញមានការរប៉ើកអាប្រលោះស្មើនឹងមនុស្សអាចលូនបាន ហើយកម្ពស់ពីដីប្រហែល ២ម៉ែត្រជាង»។
អ្នកនាំពាក្យស្នងការបានបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរកំពុងតែស្រាវជ្រាវតាមចាប់ជនសង្ស័យទាំងពីរនាក់មកវិញ៕