ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តើយុទ្ធនាការអន្ទាក់សូន្យ អាចធ្វើឱ្យសូន្យអន្ទាក់ដែរឬទេ?

ពោធិ៍សាត់៖ ក្រសួងបរិស្ថាន អង្គការដែលអភិរក្សសត្វព្រៃនៅកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធបានរួមគ្នាបង្កើតយុទ្ធនាការអន្ទាក់សូន្យនៅតាមគោលដៅសំខាន់ៗមួយចំនួនដែលនិយមលក់សាច់សត្វព្រៃច្រើនជាងគេ។ ក្រសួងចាប់ផ្តើមអនុវត្តយុទ្ធនាការអន្ទាក់សូន្យនៅដំណាក់កាលទី១ នៅក្នុងឆ្នាំ២០២២ ហើយបន្តអនុវត្តនៅដំណាក់កាលទី២ ចាប់ពីខែមេសា ឆ្នាំ២០២៣ តទៅ។

យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ បានធ្វើឡើងនៅខែមីនា ឆ្នាំ២០២២ នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ។ ចំណែកយុទ្ធនាការអន្ទាក់សូន្យនៅដំណាក់កាលទី២ ចាប់ផ្តើមធ្វើឡើងនៅខែមេសា ឆ្នាំ២០២៣ ក្នុងខេត្តពោធិ៍សាត់ កំពង់ស្ពឺ សៀមរាប បាត់ដំបង និងខេត្តប៉ៃលិន។

រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីសង្គ្រោះសត្វព្រៃឱ្យបន្តពូជមានវត្តមាននៅកម្ពុជាដោយរស់នៅមិនមានការភ័យខ្លាចនឹងអន្ទាក់ និងការបរបាញ់។ ជាពិសេសដើម្បីដាស់តឿនឱ្យអ្នកបរបាញ់សត្វបញ្ចប់ការដាក់អន្ទាក់ បរបាញ់សត្វ និងបរិភោគសាច់សត្វ។ ជាមួយគ្នានេះដើម្បីអប់រំសាធារណជនឱ្យយល់ដឹងអំពីហានិភ័យនៃការបរិភោគសាច់សត្វព្រៃ ដោយងាកមកអភិរក្សសត្វព្រៃឡើងវិញ។

បើតាម លោក នេត្រ ភក្ត្រា អន្ទាក់គឺជាឧបករណ៍ដែលអាចសម្លាប់សត្វព្រៃ ធ្វើឱ្យបាត់បង់ និងថយចុះនៃសត្វដ៏កម្រ។ នាយកប្រចាំប្រទេសកម្ពុជានៃសម្ព័ន្ធមិត្តសត្វព្រៃ លោក John Willis បានបន្ថែមថា ការដាក់អន្ទាក់មិនត្រឹមតែធ្វើឱ្យបាត់បង់សត្វព្រៃនោះទេ ប៉ុន្តែក៏គំរាមកំហែងដល់ប្រាក់ចំណូលពីការលក់ឥណទានកាបូន និងធ្វើឱ្យប៉ះពាល់ប្រភពចំណូលរបស់ពលរដ្ឋដែលពឹងផ្អែកផ្នែកវិស័យទេសចរណ៍នៅតាមតំបន់ទេសចរណ៍ធនធានធម្មជាតិ។

នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា លោក សេង ទៀក បានបញ្ជាក់ថា មុនមិនទាន់មានយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ក្រសួង និងអង្គការដៃគូបានដកអន្ទាក់សរុបចំនួនជាង៦ម៉ឺនអន្ទាក់ក្នុងឆ្នាំ២០២១ ប៉ុន្តែបន្ទាប់ពីយុទ្ធនាការអន្ទាក់សូន្យបានបញ្ចប់ក្នុងឆ្នាំ២០២២ ក្រសួងបានដកហូតអន្ទាក់ថយចុះមកត្រឹមជាង ៣ម៉ឺនអន្ទាក់។

លោក នេត្រ ភក្ត្រា បានថ្លែងថា ទោះបីអន្ទាក់មានការថយចុះក៏ពិតមែន ប៉ុន្តែមិនទាន់អាចកំណត់បានថានៅពេលណាចំនួនអន្ទាក់នឹងសូន្យដូចយុទ្ធនាការអន្ទាក់សូន្យ ប៉ុន្តែលោកអះអាងថា ក្រសួងបរិស្ថាន អាជ្ញាធរ និងអង្គការដៃគូ នឹងប្តេជ្ញាធ្វើឱ្យអស់អន្ទាក់នៅតាមតំបន់ការពារធម្មជាតិទូទាំងប្រទេសកម្ពុជា។ លោកថា៖ «យើងនៅតែជម្នះក្នុងការធ្វើ រួមដំណើរឆ្ពោះទៅរកភាពសូន្យអន្ទាក់ក្នុងតំបន់ការពារធនធានធម្មជាតិ»។

រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ឱ្យដឹងថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យដែលបានអនុវត្ត ហើយឈានដល់ដំណាក់កាលទី២នេះ បានជំរុញឱ្យម្ចាស់ភោជនីយដ្ឋាននៅតាមគោលដៅនៃយុទ្ធនាការអន្ទាក់សូន្យចំនួន៧១ បានបេ្តជ្ញាមិនលក់ម្ហូបសាច់សត្វ។

លោកបញ្ជាក់ថា អ្វីដែលអាចធ្វើបាននៅចំពោះមុខនេះ គឺក្រសួង និងមន្ទីរបរិស្ថានរាជធានី-ខេត្ត និងអង្គការដៃគូផ្សេងៗ នឹងរួមគ្នាខិតខំផ្សព្វផ្សាយ អប់រំ និងណែនាំដល់ពលរដ្ឋ សាធារណជន ឱ្យកែប្រែឥរិយាបថពីការនិយមបរិភោគសាច់សត្វ និងការបរបាញ់សត្វ មកជាការចូលរួមអភិរក្សសត្វព្រៃនៅកម្ពុជាវិញ។

លោកថ្លែងថា៖ «សត្វព្រៃវាអាចរស់នៅបានដោយអត់ត្រូវការមនុស្សទេ ប៉ុន្តែមនុស្សត្រូវការធម្មជាតិ និងជីវចម្រុះដើម្បីជាមូលដ្ឋានសម្រាប់ការរស់នៅរបស់មនុស្ស។ ដើម្បីរក្សាមនុស្សឱ្យរស់នៅគង់វង្ស គឺយើងត្រូវថែរក្សាធម្មជាតិ និងជីវចម្រុះ»។

លោក សេង ទៀក បន្ថែមថា ដើម្បីឈានដល់ដំណាក់កាលសូន្យអន្ទាក់ គឺត្រូវមានការអនុវត្តវិធានការឱ្យបានតឹងរ៉ឹងចំពោះអ្នកដែលសម្លាប់សត្វព្រៃ អ្នកជួញដូរសត្វព្រៃ និងអ្នកដាក់អន្ទាក់សត្វព្រៃ។ ពិសេសការរៀបចំធ្វើវិសោធនកម្មលើមាត្រានៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ សម្រាប់ដាក់ទោសទណ្ឌដល់អ្នកដែលមានអន្ទាក់ បើទោះបីមិនបានប្រើសម្រាប់ចាប់សត្វក៏ដោយ។ លោកថា៖«ចំណុចនេះសំខាន់ យើងត្រូវចាំបាច់ពិនិត្យមើល កែប្រែមាត្រាពាក់ព័ន្ធនឹងទោសទណ្ឌ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក