ភ្នំពេញ៖ តំណាងសមាជិកគណបក្សប្រជាជនកម្ពុជា លោក យឹម ស៊ីណន ដែលត្រូវប្រកាសចូលជាសមាជិកថ្មី មានជំនឿជឿជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចថែរក្សាបាននូវសុខសន្តិភាព នាំនាវាកម្ពុជាឆ្ពោះទៅភាពជឿនលឿនដូចប្រទេសអភិវឌ្ឍនានា។
លោក យឹម ស៊ីណន លើកឡើងបែបនេះក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន ១៨០នាក់ របស់គណៈកម្មាធិការគណបក្សសង្កាត់ផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលរៀបចំធ្វើឡើងនៅស្នាក់ការគណបក្សខណ្ឌចំការមន។
លោកថា៖ «យើងខ្ញុំពិតជាមានមោទកភាព ដែលបានចូលរួមចំណែកក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជា»។
ក្នុងឱកាសនោះដែរ ជាការឆ្លើយតបទៅនឹងសេចក្តីទុកចិត្តរបស់គណបក្ស និងចូលរួមរក្សាប្រៀបឈ្នះរបស់គណបក្សក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ លោកប្តេជ្ញាចិត្ត គាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចជាឯកច្ឆន្ទបន្តគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
ទន្ទឹមនោះ តំណាងសមាជិកគណបក្សប្រជាជនកម្ពុជារូបនេះ ប្តេជ្ញាការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលនានារបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិ ដើម្បីធានាការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋ ស្មោះត្រង់បម្រើជាមួយគណបក្សប្រជាជនកម្ពុជាឥតងាករេ និងប្តេជ្ញាកៀរគរបងប្អូន ក្រុមគ្រួសារ និងមិត្តភ័ក្ត្រ ឱ្យទៅគាំទ្របោះឆ្នោត និងបោះជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិ ជាពិសេសដណ្តើមជ័យជំនះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
គួរឱ្យដឹងដែរថា អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន ស្នើសុំចូលជាមួយនឹងគណបក្សប្រជាជនកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ និងត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕