ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអ្នកពាក់ព័ន្ធអភិបាលរាជធានី-ខេត្តទាំងអស់ រៀបចំទីតាំង និងដាក់បញ្ចាំងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមលើអេក្រង់ធំៗដើម្បីឱ្យអ្នកគាំទ្រកីឡាដែលមិនមានសំបុត្រទស្សនាអាចចូលរួមទស្សនាបាន។
ក្នុងសារសំឡេងពិសេសនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាដោយសារមានសំណូមឱ្យមានការចាក់បញ្ចាំងស្លាយនៃការប្រកួតកីឡាបាល់ទាត់ជូនអ្នកគាំទ្រទស្សនា ដូច្នេះសម្ដេចបានបញ្ជាទៅអភិបាលខេត្តរាធានីទាំងអស់ឱ្យអនុវត្តន៍ការងារនេះឱ្យបានឆាប់។
សម្ដេចថា៖ «ដូច្នេះសូមឯកឧត្តមលោកជំទាវជាពិសេសអភិបាលខេត្ត អភិបាលរាជធានីភ្នំពេញ រៀបចំទីកន្លែងសមរម្យដើម្បីដាក់ស្លាយឱ្យបងប្អូនបានមើលផ្សាយបន្ទាប់ផ្ទាល់ឱ្យបានឆាប់បំផុតដើម្បីឱ្យបងប្អូនមានលទ្ធភាពអង្គុយមើលតាមទីកន្លែងមានការជួបជុំឱ្យបានត្រឹមត្រូវហើយការពារសណ្ឋាប់ធ្នាប់ឱ្យបានល្អ»។
គួរឱ្យដឹងថាការប្រកួតវិញ្ញាសាបាល់ទាត់បុរសនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា មុនពេលកម្មវិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា។ ប្រទេសកម្ពុជានឹងជួបជាមួយប្រទេសទីម័រខាងកើតនៅម៉ោង ៧ល្ងាច៕