ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារភូមិសាស្ត្រឥណ្ឌូណេស៊ី (BMKG) បាននិយាយថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារនៅភាគខាងលិចកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ ទី២៥ ខែមេសានេះ ដោយបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិរយៈពេលប្រហែល ២ ម៉ោង។ ការព្រមានអំពីរលកយក្សស៊ូណាមិនេះ ដែលស្នើឱ្យអាជ្ញាធរមូលដ្ឋានធ្វើការណែនាំភ្លាមៗដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះ ឱ្យផ្លាស់ទីឆ្ងាយពីច្រាំងសមុទ្រ ចាប់តាំងពីមានការព្រមាននេះភ្លាមៗ។
ដោយឡែក មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) មុននេះផងដែរ ក៏បានកំណត់ការរញ្ជួយដីខាងលើក្នុងកម្រិតត្រឹម ៦.៩រ៉ិចទ័រប៉ុណ្ណោះ។ ការរញ្ជួយដីនៅជម្រៅ ៨៤គីឡូម៉ែត្របានកើតឡើងនៅវេលាម៉ោងប្រហែល ៣ទាបភ្លឺ (ម៉ោងក្នុងប្រទេសឥណ្ឌូណេស៊ី)។ ទិន្នន័យរបស់ BMKG បង្ហាញថា ការរញ្ជួយដីមួយចំនួនត្រូវបានរកឃើញនៅពេលក្រោយ និងមានការរញ្ជួយដីមួយបានកើតឡើងក្នុងកម្រិត ៥ រ៉ិចទ័រ។
អ្នកនាំពាក្យ លោក Abdul Muhari បាននិយាយថា ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា អាជ្ញាធរកំពុងប្រមូលទិន្នន័យពីកោះដែលនៅជិតបំផុតនៃចំណុចកណ្តាលនៃភាគខាងលិចនៃកោះស៊ូម៉ាត្រា។ លោក Abdul ដែលរស់នៅក្នុងទីក្រុង Padang បាននិយាយថា នៅទីក្រុង Padang ភាគខាងលិចនៃកោះស៊ូម៉ាត្រា ការរញ្ជួយដីមានកម្លាំងខ្លាំង ហើយបានបង្ខំឱ្យមនុស្សមួយចំនួនបានរើទីលំនៅរបស់ខ្លួនចេញពីឆ្នេរសមុទ្រផងដែរ។ បើទោះបីជាមិនមានគ្រោះថ្នាក់ណាមួយទំនងអាចកើតឡើង ប៉ុន្តែលោក Abdul បាននិយាយថា៖ "មនុស្សម្នាបានចាកចេញពីផ្ទះរបស់ខ្លួន។ អ្នកខ្លះភ័យស្លន់ស្លោរ ប៉ុន្តែអាជ្ញាធរអាចធ្វើការគ្រប់គ្រងបាន។ បច្ចុប្បន្ននេះ ប្រជាជនមួយចំនួនកំពុងជម្លៀសចេញពីមាត់សមុទ្រតែម្តង"។
រូបភាពពីសារព័ត៌មានក្នុងស្រុកបានបង្ហាញថា អ្នកស្រុក Padang មួយចំនួនបានជម្លៀសដោយម៉ូតូនិងថ្មើរជើងទៅកាន់ទីទួលខ្ពស់។ ពលរដ្ឋខ្លះកាន់កាបូបស្ពាយជាប់នឹងខ្លួន ខណៈអ្នកខ្លះទៀតអង្គុយជាមួយគ្នាក្រោមឆ័ត្រទប់នឹងភ្លៀង។ ប្រទេសឥណ្ឌូណេស៊ីទទួលរងការរញ្ជួយដីជាញឹកញាប់ ដោយសារស្ថានភាពភូមិសាស្រ្តរបស់ខ្លួនជាប់នឹងខ្សែប៉ាស៊ីហ្វិក ជាតំបន់សកម្មរញ្ជួយដី ដែលបន្ទះផ្សេងគ្នានៃសំបកផែនដីជួបគ្នា៕