ឥណ្ឌា៖ អង្គការសហប្រជាជាតិនៅថ្ងៃចន្ទដើមសប្តាហ៍នេះបានបញ្ជាក់ថា ប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយបច្ចុប្បន្នប្រជាជនឥណ្ឌាមានចំនួនប្រមាណ ១,៤៣ពាន់លាននាក់។
ស្ថាប័នកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិលើកឡើងថា នៅចុងខែមេសានេះ ចំនួនប្រជាជនឥណ្ឌាត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១,៤២៥,៧៧៥,៨៥០នាក់ ដែលជាចំនួនស្មើគ្នាជាមួយនឹងចំនួនប្រជាជនចិន និងបន្តវ៉ាដាច់ចំនួនប្រជាជនចិននាពេលបច្ចុប្បន្នក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់លើពិភពលោក។
កាលពីសប្តាហ៍មុន របាយការណ៍ស្ថានភាពប្រជាជនពិភពលោកប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិបាននិយាយថាព្រឹត្តិការណ៍សំខាន់នឹងមកដល់នៅពាក់កណ្តាលឆ្នាំ ២០២៣។ ប្រទេសឥណ្ឌាកំពុងនាំមុខលើប្រទេសចិនដោយសារតែកំណើនយ៉ាងឆាប់រហ័សនៃចំនួនប្រជាជនរបស់ខ្លួន និងការធ្លាក់ចុះនៃចំនួនប្រជាជនរបស់ប្រទេសចិនបន្ទាប់ពីឈានដល់ចំនួនប្រជាជន ១,៤២៦ពាន់លាននាក់កាលពីឆ្នាំមុន។
ប្រទេសចិនត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក ចាប់តាំងពីការដួលរលំនៃចក្រភពរ៉ូមក្នុងសតវត្សទី៥ នៃគ្រិស្តសករាជ ប៉ុន្តែពេលនេះប្រទេសត្រូវបានគេរំពឹងថានឹងមានចំនួនប្រជាជនធ្លាក់ចុះមកនៅត្រឹមប្រហែល ១ពាន់លាននាក់ប៉ុណ្ណោះនៅចុងសតវត្សទី២១នេះ។ នេះបើយោងតាមការព្យាករណ៍របស់អង្គការសហប្រជាជាតិ។ យ៉ាងណាមិញ ចំនួនតួលេខដែលបញ្ជាក់ដោយអង្គការសហប្រជាជាតិនេះ មិនបានរាប់បញ្ចូលទាំងប្រជាជនតៃវ៉ាន់ ហុងកុង និងម៉ាកាវនោះឡើយ។
ការព្យាករណ៍ជាមធ្យមរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ចំនួនប្រជាជនឥណ្ឌាអាចនឹងមានការកើនឡើងដល់ ១,៥ពាន់លាននាក់នៅពាក់កណ្ដាលសតវត្សទី២១ ខណៈចិនបានព្យាយាមបង្កើនចំនួនប្រជាជនរបស់ខ្លួនឡើងវិញផងដែរ ដោយបានបញ្ចប់គោលនយោបាយកំណត់កូនតែម្នាក់ក្នុងមួយគ្រួសារកាលពីឆ្នាំ២០១៦។ កំណើនប្រជាជនយឺតរបស់ចិនត្រូវបានគេសម្លឹងឃើញថាបណ្តាលមកពីបញ្ហានៃតម្លៃរស់នៅរបស់មនុស្សម្នាក់ៗខ្ពស់ខ្លាំង រួមទាំងស្រ្តីត្រូវបានចូលរួមក្នុងការបំពេញការងារពលកម្មផ្សេងៗ ហើយការសិក្សាអប់រំនៅក្នុងប្រទេសចិនសម្រាប់មនុស្សម្នាក់ៗក៏ខ្ពស់ខ្លាំងដែរ។ កាលពីឆ្នាំ អត្រាកំណើតរបស់ប្រជាជនចិនបានធ្លាក់ចុះទាបខ្លាំង ដោយអត្រាកំណើតមានត្រឹម ១,២កូនប៉ុណ្ណោះសម្រាប់ស្រ្តីម្នាក់៕