កាហ្សាក់ស្ថាន៖ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆេក លោក Petr Fiala បាននិយាយនៅក្នុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសកាហ្សាក់ស្ថានថា ធនធានប្រេងនៅក្នុងប្រទេស្ថិតក្នុងតំបន់អាស៊ីកណ្ដាលមួយនេះ អាចជួយធានាសន្តិសុខថាមពលរបស់សាធារណរដ្ឋឆេក បន្ទាប់ពីខ្លួនបានបញ្ឈប់ការនាំចូលប្រេងឆៅពីរុស្ស៊ី។
ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីបញ្ចប់ជំនួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីឆេកបាននិយាយថា៖ "យើងត្រូវការជំរុញសន្តិសុខនៃថាមពលផ្ទាល់ខ្លួនរបស់យើង ហើយប្រេងរបស់កាហ្សាក់ស្ថានអាចក្លាយជាកត្តាសំខាន់ និងជាដំណោះស្រាយក្នុងបញ្ហានេះ"។
យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តី Fiala មិនបានផ្តល់ព័ត៌មានលម្អិតអំពីការកើនឡើងសក្តានុពលក្នុងការបញ្ជាទិញប្រេងពីកាហ្សាក់ស្ថានឡើយ ដោយលោកគ្រាន់តែបង្ហើបថា កាហ្សាក់ស្ថានគឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់បំផុតដល់សាធារណរដ្ឋឆេក ហើយសាធារណរដ្ឋឆេកជឿជាក់ថាប្រទេសទាំងពីរមានវិសាលភាពដ៏ធំសម្រាប់កិច្ចសហប្រតិបត្តិការ ខណៈដែលប្រទេសមានប្រជាជនប្រមាណជា ១០លាននាក់មួយនេះ កំពុងផ្លាស់ប្តូរចេញឆ្ងាយពីការបញ្ជាទិញប្រេងពីរុស្ស៊ី។
គួរបញ្ជាក់ថា កាហ្សាក់ស្ថានដែលជាប្រទេសជាប់ព្រំប្រទល់ជាមួយរុស្សីធ្វើការដឹកជញ្ជូនប្រេងឆៅរបស់ខ្លួនទៅអ្នកបញ្ជាទិញនៅទ្វីបអឺរ៉ុបតាមរយៈបំពង់បង្ហូរប្រេងដែលភាគច្រើនឆ្លងកាត់ប្រទេសរុស្ស៊ី បើទោះបីជាថ្មីៗនេះកាហ្សាក់ស្ថានបានងាកមកធ្វើការនាំចេញប្រេងយ៉ាងច្រើនតាមរយៈផ្លូវជំនួសដូចជាបំពង់បង្ហូរប្រេង Baku-Tbilisi-Ceyhan ដែលឆ្លងកាត់ប្រទេសអាហ្សេបៃហ្សង់, ហ្សកហ្ស៊ី និងតួកគីវិញក៏ដោយ៕