ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកបានប្រកាសផ្អាកដំណើរកម្សាន្តទៅកាន់ឧបទ្វីប Yucatan កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីបានបញ្ជាក់ថាលោកបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ សាជាថ្មីម្តងទៀត ខណៈលោកធ្លាប់បានឆ្លងជំងឺកូវីដ-១៩ ចំនួនពីរលើករួចមកហើយ។ យ៉ាងណាមិញ លោកប្រធានាធិបតី Andrés Manuel López Obrado បានសរសេរនៅក្នុងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា ស្ថានភាពជំងឺកូវីដ-១៩ លើកទី៣របស់លោកនាពេលនេះពុំមានភាពធ្ងន់ធ្ងរទេ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងៗរបស់ម៉ិកស៊ិកបានចុះផ្សាយថា លោក López Obrador មានស្ថានភាពធ្ងន់ធ្ងររហូតដល់សន្លប់បាត់ស្មារតីកាលពីថ្ងៃអាទិត្យ ដែលជាហេតុបង្ខំចិត្តនាំឱ្យលោកលុបចោលដំណើរកម្សាន្ត ប៉ុន្តែដំណឹងនេះត្រូវបានអ្នកនាំពាក្យប្រធានាធិបតីបដិសេធ។ ទោះជាបែបនេះក៏ដោយ លោកប្រធានាធិបតីមានវ័យ៦៩ឆ្នាំរូបនេះ ដែលធ្លាប់មានប្រវត្តិជំងឺបេះដូងផងនោះ បានបញ្ជាក់ថាលោកនឹងធ្វើការដាក់ខ្លួននៅដាច់ដោយឡែកប៉ុន្មានថ្ងៃសិន នៅឯគេហដ្ឋានរបស់លោកផ្ទាល់ស្ថិតនៅក្នុងទីក្រុង Mexico City។
លោកសរសេរនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា៖ "ស្ថានភាពបេះដូងខ្ញុំគឺមានភាពល្អប្រសើរ ១០០ភាគរយ ខណៈដែលខ្ញុំត្រូវផ្អាកដំណើរកម្សាន្ត ខ្ញុំនឹងបន្តស្ថិតនៅទីក្រុងម៉ិកស៊ិក ហើយប្រារព្ធពិធីខួបកំណើតអាយុ១៦ឆ្នាំ របស់កូនប្រុសខ្ញុំពីចម្ងាយ"។
គួរបញ្ជាក់ថា លោក López Obrador ធ្លាប់ធ្លាក់ខ្លួនឈឺដោយសារការឆ្លងកូវីដ-១៩ កាលពីដើមឆ្នាំ២០២១ និងជាសះស្បើយក្រោយទទួលបានការពិសោធន៍ការព្យាបាល ហើយក្រោយមកលោកក៏បានឆ្លងកូវីដ-១៩ សាជាថ្មីម្តងទៀតនៅដើមឆ្នាំ២០២២ ពោលគឺចំពេលដែលម៉ិកស៊ិកមានអ្នកឆ្លងកូវីដ-១៩ ផ្ទុះឡើងសាជាថ្មី។ លោកប្រធានាធិបតីម៉ិកស៊ិកក៏បានបញ្ជាក់ថា កំឡុងពេលដែលលោកដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ Adán Augusto López នឹងបំពេញជំនួសនូវការងារចាំបាច់មួយចំនួន។
យ៉ាងណាមិញ ភ្ជាប់ជាមួយការតែងតាំងតំណែងជំនួសការងារបណ្តោះអាសន្នទៅលើលោក Adán Augusto López ពេលនេះ ត្រូវបានគេសម្លឹងឃើញថាជាការជំរុញមួយដើម្បីឱ្យរដ្ឋលេខាធិការរូបនេះឈ្នះការតែងតាំងជាប្រធានាធិបតីសម្រាប់ការបោះឆ្នោតថ្នាក់ជាតិរបស់ម៉ិកស៊ិកនាឆ្នាំ២០២៤ខាងមុខ ស្របពេលដែលការស្ទង់មតិបច្ចុប្បន្នបង្ហាញថា អភិបាលក្រុង Mexico City លោក Claudia Sheinbaum កំពុងនាំមុខលើការស្ទង់មតិបឋម៕
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ Adán Augusto López