ភ្នំពេញ៖ ក្រោយចុះចូលជាមួយបក្សប្រជាជនអតីតសកម្មជនអតីតបក្សសង្គ្រោះជាតិលោក ហ៊ុន កុសល ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដែលឡាយព្រហស្ថលេខាដោយព្រះករុណាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្រេចតែងតាំងលោក ហ៊ុន កុសល ដោយទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
លោក ហ៊ុន កុសល ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងឲ្យមានសេរីភាពនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នឹងបានថ្លែងអំណរគុណជូនចំពោះនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្របសម្រួលជាមួយតុលាការស្វែងរកការដោះលែងលោក។
ការដោះលែងលោក ហ៊ុន កុសល គឺធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីមិត្តភក្កិរបស់លោកគឺលោក យឹម ស៊ីណន បានស្នើសុំចុះចូលជាមួយនឹងគណបក្សប្រជាជន និងបានជួបជាមួយនឹងនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន នៅឯភូមិគ្រឹះរបស់សម្ដេចកាលពីថ្ងៃម្សិលមិញ។
ក្នុងដីកាបង្គាប់ឲ្យដោះលែងចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ឃី សុខវួច បានបញ្ជាទៅប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃដោះលែងជនត្រូវចោទឈ្មោះ ហ៊ុន កុសល ពីថ្ងៃនេះតទៅ។
គួរឲ្យដឹងដែរថា កាលពីថ្ងៃទី២២ ខែមីនា សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឱ្យឃុំខ្លួនលោក ហ៊ុន កុសល និងសមភាគីលោកគឺលោក យឹម ស៊ីណន ក្រោមបទ «ប្រមាថចំពោះព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕