នាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីបង្កើនទំនុកចិត្ត និងរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន
ភ្នំពេញ៖ នាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ដើម្បីបំពេញទស្សនកិច្ច និងធ្វើសមយុទ្ធសុឆន្ទៈរវាងកងកម្លាំងស្វ័យការពារជប៉ុន និងកងទ័ពជើងទឹកកម្ពុជាដើម្បីបង្កើនទំនុកចិត្ត និងរឹតចំណងមិត្តភាព។
យោងតាមការឱ្យដឹងពី នាយសេនាធិការរងមូលដ្ឋានសមុទ្រ លោក អ៊ិន សុខេមរ៉ា និងនាយនាវីជាច្រើនរូប បានអញ្ជើញទៅទទួលស្វាគមន៍ កងនាវាស្វ័យការពារជើងទឹកជប៉ុន ២គ្រឿងឈ្មោះ JS URAGA (MST-463) និង JS AWAJI (MSO-304) ដឹកនាំដោយមេបញ្ជាការបោសសំអាតមីនទឹកកងពលទី១ លោកវរនាវីឯក ណាកៃ អៃអ៊ិឆិ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
នាវាដែលចូលសំចតទស្សនាកិច្ចនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤-២៦ ខែមេសា ឆ្នាំ២០២៣ ដោយក្នុងពេលបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនេះ កងកម្លាំងស្វ័យការពារជប៉ុន និងកងទ័ពជើងទឹកកម្ពុជា នឹងធ្វើសមយុទ្ធសុឆន្ទៈ និងការផ្លាស់ប្តូរមួយចំនួនទៅវិញទៅមកដើម្បីបង្កើនទំនុកចិត្ត និងរឹតចំណងមិត្តភាពរវាងកងទ័ពប្រទេសទាំងពីរ។
ក្នុងនោះដែរ នាវាឈ្មោះ JS URAGA ( MST-463 ) មានលោក MATSUNAGA Akihito ជាមេបញ្ជាការនាវា ដោយលក្ខណៈបច្ចេកទេសនាវានេះមាន បណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ ទំងន់ផ្ទុក ៥ ៦៥០តោន ល្បឿន ៤១គីឡូម៉ែត្រក្នុង ១ម៉ោង ផ្ទុកមនុស្សបានចំនួនប្រមាណ ១៧០នាក់ និង មានHelicopter ចំនួន ១គ្រឿង។
ដោយឡែក នាវាមួយគ្រឿងទៀតឈ្មោះ JS AWAJI ( MSO-៣០៤ ) មាន ដែលមានមេបញ្ជាការនាវា លោកTAGUCHI Takuma មានបណ្ដោយ ៦៦,៨ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅទឹក ២,៧ម៉ែត្រ ទំងន់ផ្ទុក ៦៩០តោន មានល្បឿន ២៦គីឡូម៉ែត្រក្នុង១ម៉ោង Speed និង មានផ្ទុកមនុស្សប្រមាណ ៥៤នាក់។
គួរឱ្យដឹងដែរថា នេះគឺជាដំណើរទស្សនកិច្ចលើកទី២ របស់កងកម្លាំងស្វ័យការពារជប៉ុន មកកាន់កម្ពុជាក្នុងឆ្នាំ២០២៣នេះដែលជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕