អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

លោក នេត្រ ភក្រ្តា៖ ការអនុវត្តគម្រោងដំណាំការពារដំរីអាស៊ីជួយកាត់បន្ថយជម្លោះរវាងមនុស្ស និងដំរី និងបង្កើតសេដ្ឋកិច្ចមូលដ្ឋាន

ពោធិ៍សាត់៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការដៃគូបានរួមគ្នាបង្កើតគម្រោងដំណាំការពារដំរីអាស៊ី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិភូមិផ្ចឹកជ្រំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វដំរី កាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិ កាត់បន្ថយបទល្មើសព្រៃឈើ និងសត្វព្រៃ នឹងផ្តល់ជីវភាពដល់ពលរដ្ឋក្នុងសហគមន៍។

ថ្លែងនៅក្នុងដំណើរទស្សនកិច្ចជាមួយអ្នកសារព័ត៌មាននៅកសិដ្ឋានគំរូ ស្ថិតក្នុងភូមិផ្ចឹកជ្រំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោក នេត្រ ភក្ត្រា បានលើកឡើងថា ក្រសួងបរិស្ថាន និងអង្គការដៃគូបានរៀបចំគម្រោងដំណាំការពារដំរីអាស៊ីស្ថិតនៅក្នុងឃុំប្រមោយ ដោយបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ឱ្យប្រជាពលរដ្ឋដាំដំណាំបង្ការផ្សេងៗជំនួសឱ្យការចូលទៅដាក់អន្ទាក់បាញ់សត្វព្រៃ និងអាស្រ័យផលលើធនធានធម្មជាតិ។

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន តាមរយៈគម្រោងនេះ បានផ្លាស់ប្តូរពលរដ្ឋពីការបរបាញ់សត្វ ឬកាប់ឈើ មកជាការដំាបន្លែផ្គត់ផ្គង់សម្រាប់ទីផ្សារដែលជួយជីវភាពរបស់ពួកគាត់ជាប្រចាំ និងកាត់បន្ថយបទល្មើសព្រៃឈើ និងសត្វព្រៃ។ លោកថ្លែងថា៖ «នេះជាយុទ្ធសាស្ត្ររួមមួយដែលក្រសួងបរិស្ថាន បានយល់ឃើញថា ជាដំណោះស្រាយមួយដែលមានភាពវិជ្ជមានក្នុងការបង្កើតនូវរបងការពារតំបន់ការពារធម្មជាតិ តាមរយៈការផ្តល់នូវជម្រើសមុខរបរថ្មីជូនប្រជាពលរដ្ឋ»។

លោកបានបញ្ជាក់ថា ក្រសួងបានចាប់ផ្តើមអនុវត្តគម្រោងដំណាំការពារដំរីអាស៊ីលើកដំបូង ក្នុង១០គ្រួសារស្ថិតក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយប្រជាពលរដ្ឋដាំត្រសក់ ម្ទេស ត្រប់ ស្ពៃក្តោបជាដើម។ លោកបន្តថា ក្រសួងនឹងបន្តជំរុញឱ្យពួកគាត់ដាំដំណាំផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះក្រសួងនឹងជំរុញលើកទឹកចិត្តឱ្យប្រជាសហគមន៍ផ្សេងៗទៀតមកដាំបន្លែសម្រាប់នាំចេញនៅហ្នឹងកន្លែង ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនៅខេត្ត។

លោកបន្ថែមថា ក្រសួងបរិស្ថានបានផ្តល់ការគាំទ្រដល់ សហគមន៍ដែលការពារធនធានធម្មជាតិ ប្រមាណ២០០ នៅទូទាំងប្រទេស តាមរយៈនាយកដ្ឋានអភិវឌ្ឍជីវភាពសហគមន៍ ដោយបានផ្តល់នូវពូជសត្វចិញ្ចឹម មានដូចជាសត្វគោ ក្របី ពពែ ចៀម ជ្រូក មាន់ និងគ្រាប់បន្ថែបង្ការផ្សេងៗដល់ប្រជាសហគមន៍សម្រាប់យកទៅប្រើប្រាស់ដើម្បីបានផលផ្គត់ផ្គង់គ្រួសារផង និងសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារផងដែរ។

លោក ពូច វ៉ា ដែលជាកសិករគំរូក្នុងគម្រោងដំណាំការពារដំរីអាស៊ី បានលើកឡើងថា ពីមុនលោកប្រកបមុខរបរធ្វើគ្រឿងសង្ហារឹមឈើ ប៉ុន្តែលោកក៏បានផ្លាស់ប្តូរមកដាំបន្លែធម្មជាតិវិញ ដោយបច្ចុប្បន្នលោកដាំ ត្រប់ សណ្តែកគួរ ត្រសក់ត្រឿង ត្រសក់ស្រូវ និងម្ទេស ក្នុងទំហំដី ១ម៉ឺនម៉ែត្រការ៉េ ដែលក្នុងមួយថ្ងៃលោកទទួលផលគិតជាថវិកាចំនួនជាង ១០ម៉ឺនរៀល។ លោកគិតថា ការវិលមកដាំបន្លែនេះ ជាការរួមចំណែកជួយអភិរក្សធនធានធម្មជាតិ។

លោកនិយាយថា តាមរយៈការដាំដំណាំនេះ លោកទទួលបានចំណូលជាប្រចាំដែលអាចជួយឱ្យលោកមានជីវភាព ល្អប្រសើរ។ លោកថា៖ «ទីផ្សារសព្វថ្ងៃបានថេរ ត្រសក់បានមួយគីឡូ ២ពាន់រៀល សណ្តែកកួរ ៤ ៥០០រៀល យើងយកលក់នៅទីផ្សារ គ្រាន់តែទៅដល់ គេដណ្តើមគ្នា (ទិញ) គេឃើញយើងដាំ (បន្លែ) ធម្មជាតិនៅស្រុកវាលវែង គេចង់បាន។ ការធ្វើសិប្បកម្មឈើ ទម្រាំលក់គ្រែចេញមួយគឺមួយខែ តែការដាំ (បន្លែ) មួយខែឱ្យផល ប៉ុន្តែឱ្យផល (បន្លែ) រហូតដល់មួយខែ»។

លោកគូសបញ្ជាក់ថា នៅថ្ងៃមុខលោកចង់ពង្រីកការដាំបន្លែប៉េងប៉ោះបន្ថែមទៀត ប៉ុន្តែលោកនៅខ្វះបច្ចេកទេសដាំ ដោយលោកបានស្នើឱ្យក្រសួងបរិស្ថាន ឬអង្គការពាក់ព័ន្ធផ្តល់ការបណ្តុះបណ្តាលនៃបច្ចេកទេសដាំបន្ថែមទៀតដល់ប្រជាកសិករក្នុងសហគមន៍។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងបរិស្ថាននឹងសហការជាមួយអង្គការដៃគូនឹងបន្តផ្តល់ចំណេះ និងជំនាញបចេ្ចកទេសដាំដំណាំផ្សេងៗទៀតដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីឱ្យពួកគេអាចដាំដំណាំឱ្យទទួលបានផលល្អ។ លោកថ្លែងថា៖ «យើងនឹងបន្តសហការគ្នាបន្ថែមទៀត ដើម្បីផ្តល់នូវបច្ចេកទេសជូនពួកគាត់ គាំពារគាត់ ដើម្បីឱ្យគាត់មានសមត្ថភាពពេញលេញក្នុងការដាំបន្លែបង្ការផ្សេងៗ ពីព្រោះនៅតំបន់នេះមានសក្តានុពលជាប់នឹងព្រែកសម្រាប់ឱ្យពលរដ្ឋប្រើប្រាស់ ដាំវិលជុំ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក