កម្សាន្ត៖ តាមប្រភពពីគេហទំព័រកម្សាន្តដ៏ល្បីល្បាញមួយបានបញ្ជាក់ថា កម្មវិធីទស្សនាភាពយន្តអនឡាញ Netflix បាននឹងកំពុងដំណើរការផលិតឡើងវិញ នូវប្រភេទខ្សែភាពយន្តភាគ (Serie) របស់គំនូរជីវចលដ៏ល្បី Pokemon ជាប្រភេទដែលសំដែងដោយមនុស្ស ឬហៅថា Live Action។
អ្នកដឹកនាំរឿងភាគ Lucifer នៅលើ Netflix លោក Joe Henderson នឹងត្រូវទទួលភារកិច្ចក្នុងការសរសេរ និងដឹកនាំរឿងនេះដោយផ្ទាល់តែម្តង។ យ៉ាងណាក្តី ដោយសារពេលនេះដំណើរការផលិតស្ថិតក្នុងដំណាក់កាលដំបូង គេនៅមិនទាន់ទទួលបានព័ត៌មានលម្អិតច្រើននៅឡើយពីភាពយន្តភាគថ្មីនេះ។
គួររំឮកផងដែរថា សម្រាប់ភាពយន្តដែលផលិតឡើងយកគំរូពីគំនូរជីវចលដ៏ល្បីល្បាញ Pikachu របស់ជប៉ុននេះ ធ្លាប់បានចេញជាខ្សែភាពយន្តខ្នាតធំម្តងរួចមកហើយ ដែលកាលនោះតារាសម្តែងតួ Deadpool លោក Ryan Reynold គឺជាអ្នកបញ្ចូលសំឡេងលើតួតុក្កតា Pikachu នេះតែម្តង។ ភាពយន្តខ្នាតធំនេះ ទទួលបានជោគជ័យយ៉ាងខ្លាំងកាលពីឆ្នាំ២០១៩ ដោយកើបលុយបានប្រមាណជាង ៤៣០លានដុល្លារអាមេរិកពី Box Office ជុំវិញពិភពលោក។
ប្រសិនបើខ្សែភាពយន្តនេះបានចេញជារូបរាង វានឹងក្លាយជាស្រឡាយរឿង Pokemon ថ្មីមួយទៀតបន្ទាប់ពីរឿង Pokemon : XY និង Pokemon Journeys ដែលកំពុងមាននៅក្នុងកម្មវិធី Netflix ស្រាប់៕