ព្រះសីហនុ៖ គិតត្រឹមម៉ោងជិត៩យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ ប្រតិបត្តិការពន្លត់អគ្គិភ័យនៅសំណង់អគារកំពង់ដេវ៉ា តាមផ្លូវទៅវត្តអូរត្រេះ (ផ្លូវអាឡាំងឌឺឡុង) ត្រូវបានបញ្ចប់ ដោយអគ្គិភ័យត្រូវបានគ្រប់គ្រងបានហើយ ដោយមិនរាលដាលបន្តទៀតទេ។
ប្រតិបត្តិការពន្លត់នេះដឹកនាំដោយអភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ចូលរួមពីសមត្ថកិច្ចចំរុះ និងអន្តរាគមន៌ពីរថយន្តពន្លត់អគ្គិភ័យ មកពីនគរបាល កងរាជអាវុធហត្ថ អង្គភាពសង្គ្រោះ៧១១ អង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (កងកេង) រួមនិងក្រុមសង្គ្រោះគ្រប់ផ្នែក។
អាជ្ញាធរក្រុងព្រះសីហនុបានប្រាប់ឱ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះមិនបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់ឡើយ។ តែយ៉ាងណា ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យកើតមានអគ្គិភ័យនេះនៅឡើយ រង់ចាំការស្រាវជ្រាវបន្ត៕