ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ពីភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយថាភាពជោគជ័យនេះមានប្រភពចំបងចេញពីការទទួលបានវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍ទី១៣៧ នៃទិវាពលកម្មអន្តរជាតិ និងជួបសួរសុខទុក្ខសហជីព សាខាគណបក្សតាមរោងចក្រ បុគ្គលិកសិក្សា និងតំណាងកម្មករទូទាំងប្រទេសព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នេះនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ បានធ្វើអោយកម្ពុជាបានបើកដំណើរការប្រទេសជាតិឡើងវិញ និងបានដំណើរការសកម្មភាពប្រទេសជាតិជាប្រក្រតីឡើងវិញតាមគន្លងថ្មី។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ការស្វែងរកប្រភពវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋយើង គឺជាភាពជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងការចូលរួមសហការទប់ស្កាត់ពីប្រជាពលរដ្ឋទាំងអស់គ្នា ទើបយើងទទួលបាននូវភាពជោគជ័យក្នុងការងារនេះ។
ភាពជោគជ័យលើកូវីដ-១៩ នេះហើយ ធ្វើឱ្យកម្ពុជាអាចដឹកនាំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះកន្លងទៅថ្មីៗនេះ ដែលនោះជាមោទនភាពមួយសម្រាប់កម្ពុជា ដែលកិច្ចប្រជុំនោះ គឺមានការចូលរួមពីមេដឹកនាំបណ្ដាប្រទេសមហាអំណាចធំៗច្រើនមកចូលរួមប្រជុំនៅទីក្រុងភ្នំពេញ តែបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីរាំងស្ទះឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាបន្តទៀត ត្បិតតែមានការបន្ធូរបន្ថយកាតព្វកិច្ចជាច្រើនក៏ពិតមែនប៉ុន្តែជំងឺនេះមិនទាន់ចប់នៅឡើយនោះទេ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យបន្តយកចិត្តទុកដាក់ដោះស្រាយជីវភាពប្រជាពលរដ្ឋដែលខ្សត់ខ្សោយ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗ ដូចជាពលរដ្ឋដែលរងគ្រោះ ក្នុងវិបត្តិកូវីដ-១៩ ជាដើម៕