ភ្នំពេញ៖ ប្រធានបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលគឺជាអ្នកធានារ៉ាប់ទាំងស្រុងលើថ្លៃចំណាយក្នុងការបណ្ដុះបណ្ដាលចំណេះដឹងធនធានមនុស្សលើវិស័យការងារ ដើម្បីជំរុញដល់វិស័យការងារបន្ថែមទៀតនៅកម្ពុជា។
សម្ដេចតេជោលើកឡើងបែបនេះក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍ទី១៣៧ នៃទិវាពលកម្មអន្តរជាតិ និងជួបសួរសុខទុកសហជីព សាខាគណបក្សតាមរោងចក្រ បុគ្គលិកសិក្សា និងតំណាងកម្មករទូទាំងប្រទេសព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ។
សម្ដេចបានលើកឡើងដោយជំរុញដល់ក្រសួងការងារក៏ដូចជាសា្ថប័នពាក់ព័ន្ធត្រូវបង្កើនការបណ្ដុះបណ្ដាល ធនធានមនុស្សទៅលើវិស័យការងារបន្ថែមទៀតទាំងការងារក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយរាជរដ្ឋាភិបាលជាអ្នកចេញថ្លៃក្នុងការបណ្ដុះបណ្ដាលចំណេះដឹងធនធានមនុស្សលើវិស័យការងារទាំងអស់នោះ។
រដ្ឋាភិបាលមានគោលដៅក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្សក្រីក្រនៅកម្ពុជាចំនួន ១លាន ៥សែននាក់ក្នុងឆ្នាំ២០២៣នេះ ឬដើមឆ្នាំ២០២៤។ ការបណ្ដុះបណ្ដាលនេះគឺមិនតម្រូវឱ្យសិស្សបង់ថ្លៃនោះទេ ថែមទាំងទទួលបាននូវប្រាក់ខែផងដែរ។ ថ្លែងក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មកម្ពុជា រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្សក្រីក្រ ១លាន ៥សែននាក់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលខាងមុខនឹងផ្ដោតភាគច្រើនឆ្លើយតបនឹងតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម៕
PHOTO: KOK KY