ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការស្រម៉ៃមួយដែលកម្ពុជាគ្មានរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ដោយថាប្រសិនជាគ្មានរឿងរ៉ាវអាក្រក់នេះម្លេះកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍ខ្ពស់រួចទៅហើយ។
សម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គម Telegram របស់សម្ដេចដោយដាក់នូវវីដេអូមួយអំពីការរៀបចំកីឡាឆ្នាំ១៩៦៦ និងការរៀបចំកីឡាស៉ីហ្កេមរបស់កម្ពុជាថា៖ «មើលវីដេអូមួយនេះធ្វើឲ្យយើងអាចកំណត់បានថាប្រសិនពុំមានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់សម្តេចឪទេ ប្រទេសយើងច្បាស់ជាអភិវឌ្ឍខ្ពស់ណាស់។ កាលពី ៥៧ឆ្នាំមុនមានរូបភាពដូចក្នុងវីដេអូនេះបើមិនមានសង្គ្រាមទេភាពរុងរឿងនិងមានច្រើនលើសនោះច្រើនណាស់»។
សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះព្រះរាជាណាចក្រកម្ពុជាទី២នឹងបង្កើតព្រឹត្តិការណ៍ប្រហាក់ប្រហែលជាមួយព្រឹត្តិការណ៍នៃព្រះរាជាណាចក្រទីមួយនាឆ្នាំ១៩៦៦។ សម្ដេចតេជោបានឧទ្ទិសសមិទ្ធផលទាំងអស់នេះថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះបិតាជាតិជាទីគោរពសង្ការៈប្រកបដោយការនឹករលឹកនិងដឹងគុណពីកូនចៅ។
គួរឱ្យដឹងដែរថាកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពោលគឺកាលពី ៥៣ឆ្នាំមុន សេនាប្រមុខ លន់ នល់ ដោយមានការគាំទ្រពីបរទេស បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ចេញពីអំណាច ដែលជាចំណុចចាប់ផ្តើមនៃការនាំកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្រ្គាមស៊ីវិល ដោយបន្តនាំទុក្ខវេទនារហូតរុញច្រានប្រជាជនកម្ពុជា ឲ្យធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
សមាជិកសភាលោក ហ៊ុន ម៉ានី បានលើកឡើងថាយើងអានសិក្សាមេរៀនចំនួន២ ចេញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ ដោយក្នុងនោះ ទី១ ការជ្រៀតជ្រែកពីបរទេសអាចនាំឲ្យកម្ពុជា ឆ្លងកាត់នូវភាពមិនច្បាស់លាស់ ហើយក៏អាចបង្កើតនូវសោដនាកម្មដូចអតីតកាល ដែលផ្តល់ជាមេរៀនដ៏ជូរចត់ដល់ប្រជាជនខ្មែរគ្រប់រូប ហើយ ទី២ ការជ្រៀតជ្រែករបស់បរទេស ក៏នឹងអាចនាំមកនូវការបែកបាក់សាមគ្គីភាពរបស់ប្រទេសជាតិ និងប្រជាជនខ្មែរទាំងមូល ដែលសង្គមជាតិយើងបានឆ្លងកាត់ដ៏លំបាកអស់ជាច្រើនទសវត្សរ៍ ទម្រាំសម្រេចបានពេញលេញនូវសាមគ្គី និងឯកភាពជាតិ ក្រោយការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨៕