ភ្នំពេញ៖ ព្រះមហាក្សត្រនៅព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក យឹម ស៊ីណន ជាអនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដើមវិជ្ជាជីវៈ។ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានស្នើសុំចុះចូលជាមួយនឹងគណបក្សប្រជាជន។
ក្នុងព្រះរាជក្រឹត្យឡាយព្រហស្ថលេខាដោយព្រះមហាក្សត្រកម្ពុជាថ្ងៃទី២២ ខែមេសានេះ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រហស្ថលេខាតាមរយៈការបង្គំគាល់ដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
គួរឲ្យដឹងផងដែរថា លោក យឹម ស៊ីណន គឺជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសកូរ៉េខាងត្បូង។
នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ លោក យឹម ស៊ីណន បានសរសេរដោយប្រើ Page របស់ប្រពន្ធលោកឈ្មោះ Makara Sophat Page ថា បន្ទាប់ពីចេញពីគុក១ខែមកទើបលោកដឹងថាអ្នកណាជាមិត្តពិត នរណាជាយុទ្ធមិត្តពិតក្នុងសង្វៀននយោបាយ។ លោកបន្ថែមថាអស់រយៈពេល ១២ឆ្នាំដែលលោកនៅជាមួយក្រុមប្រឆាំងដែលបានចូលក្នុងកាន់បដាស្រែកទាមទារទៅរដ្ឋាភិបាលឱ្យដោះលែងក្រុមប្រឆាំងពីគុក ចូលរួមថ្កោលទោសជានិច្ចតែចុងក្រោយពេលដែលលោកចូលគុកពុំមានឡើយការទាមទារដោះលែងលោកដោយក្រុមប្រឆាំងនោះទេ បន្ថែមពីលើនោះដោយការប្រមាថ និងលាបព័ណ៌លើលោកថែមទៀត។
លោកចាត់ទុកក្រុមប្រឆាំងដែលលោកធ្លាប់ដើរជាមួយជាង ១ទស្សវត្សនេះថាមានចរិតសាហាវ អគុណធម៌ និងគ្មានលក្ខណៈសម្បត្តិធ្វើជាមេដឹកនាំ។
លោកសរសេរថា៖ «ពួកនេះបានឡើងកាន់អំណាចវិញ អ្នកដែលពួកគេត្រូវសម្លាប់ ឬចាប់ដាក់គុកមុនគេនោះគឺ ក្រុមអ្នកប្រជាធិបតេយ្យនិយមពិត ដែលមិនចុះសម្រុងនឹងគំនិត ឬទស្សនៈមិនគាំទ្រពួកគេដូចជាខ្ញុំ ឬអ្នកដទៃទៀតនេះឯង»។
លោក ស៊ីណន ដែលត្រូវបានចាប់ដាក់ពន្ធនាគារដោយសារបានប្រើប្រាស់ភាសាប្រមាទលើព្រះមហាក្សត្រក្នុងពេលដែលព្រះអង្គទៅទទួលអគ្គីជ័យកីឡានៅខេត្តសៀមរាបកាលពីថ្ងៃទី២១ ខែមីនា បានសរសេររៀបរាប់ទៀតថាលោកពិតជាមិនចង់ឃើញបក្ស ឬក្រុមនយោបាយប្រជាធិបតេយ្យក្លែងក្លាយមានឱកាសដឹកនាំកម្ពុជានោះទេទើបលោកចង់ចូលរួមជាមួយបក្សប្រជាជនដើម្បីមានលទ្ធភាព និងឱកាសពេញលេញបម្រើប្រជាជន និងប្រទេសជាតិ។
លោកថា៖ «ប្រសិនបើសម្តេចផ្តល់ឱកាស និងផ្តល់ការអនុញ្ញាត ខ្ញុំស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីមានលទ្ធភាព និងឱកាសពេញលេញចូលរួមបម្រើប្រជាជន និងប្រទេសជាតិក្រោមដំបូលសន្តិភាព»៕