ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមអបអរសាទរ និងជូនពរជ័យសិរីសួស្ដី ដល់បងប្អូន សាសនិក ខ្មែរឥស្លាម កម្ពុជាក្នុង និងក្រៅប្រទេស ។
តាមរយៈការបង្ហោះសារលើ Channel Telegram សម្តេចតេជោ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៣ ថ្លែងថា «ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយជោគជ័យ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ សេចក្តីសម្រេច សារាចរណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបងប្អូនខ្មែរឥស្លាមបានអនុវត្តតាមការណែនាំរបស់ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផងដែរ ដែលយើងទទួលបានជោគជ័យដ៏ធំធេងសម្រាប់ជាតិយើង»។
សម្តេចក៏បានលើកឡើងថា ទោះបីកម្ពុជាទទួលបានជោគជ័យសមរភូមិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ហេីយរាជរដ្ឋាភិបាលទើបបានសម្រេចលើកលែងនូវកាតព្វកិច្ចមួយចំនួនបន្ថែមទៀត ពិសេសការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ធ្វេីតេស្តរហ័ស សម្រាប់ការជួបជុំក៏ដោយ ក៏សម្តេចអំពាវនាវឱ្តបន្តលើកកម្ពស់ការប្រុងប្រយ័ត្នអនុវត្ត ការពារ រក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីបងប្អូន គ្រួសារបងប្អូន និងជាតិរបស់យើងឱ្យបានគ្រប់ៗគ្នា។
គួរឱ្យដឹងដែរថា ក្រោយបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌន បងប្អូន សាសនិកខ្មែរឥស្លាម កម្ពុជាក្នុង និងក្រៅប្រទេសនឹងស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤៤ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៣ ៕