ប្រេស៊ីល៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រេស៊ីល លោក Fernando Haddad បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រទេសប្រេស៊ីលនឹងអនុវត្ត "ពន្ធឌីជីថល" លើការដឹកជញ្ជូនពីក្រុមហ៊ុនអេឡិចត្រូនិកធំៗនានា បន្ទាប់ពីមានការតាមដានដោយយកចិត្តទុកដាក់បំផុតទៅលើការសម្រេចចិត្តយកពន្ធលើការដឹកជញ្ជូនពីបុគ្គលទៅបុគ្គល ក្នុងអត្រារហូតដល់ ៥០ដុល្លារ។
លោក Haddad បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌៌មានថា៖ "យើងនឹងធ្វើតាមគំរូនៃប្រទេសអភិវឌ្ឍន៍ដែលជាការគិតពន្ធឌីជីថល ឬ E-Tax"។ លោកបន្ថែមថា៖ "អ្នកប្រើប្រាស់នឹងត្រូវបានលើកលែងពីការប្រមូលពន្ធណាមួយ នៅពេលដែលពួកគេធ្វើការទិញ ក្រុមហ៊ុននឹងប្រមូលវាដោយមិនគិតថ្លៃបន្ថែមណាមួយឡើយ។"
គួរបញ្ជាក់ថា សេចក្តីសម្រេចនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានស្នើឱ្យក្រុមសេដ្ឋកិច្ចរបស់លោក ឱ្យបញ្ចប់ការលើកលែងពន្ធទៅលើការបញ្ជាទិញទំនិញពីបរទេសពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេស។ ការបញ្ជាក់បន្ថែមពីលោក Haddad មិនបានលម្អិតពីផែនការនៃការប្រមូលពន្ធបែបឌីជីថលនេះនៅឡើយទេ។
យោងតាមប្រភពមួយនៅក្រសួងហិរញ្ញវត្ថុប្រេស៊ីល វិធានការដែលបានស្នើឡើងនឹងមិនពាក់ព័ន្ធនឹងការបង្កើតពន្ធថ្មីទេ ប៉ុន្តែផ្ទុយទៅវិញគឺជាការអនុម័តប្រព័ន្ធប្រមូលប្រាក់ថ្មីមួយឱ្យកាន់តែមានភាពប្រសើរឡើង។ ប្រភពដដែលបានបញ្ជាក់ថា ពន្ធដែលលើកឡើងរួចជាស្រេចហើយនោះ នឹងត្រូវធ្វើការប្រមូលតាមប្រព័ន្ធអេឡិចត្រូនិកមុនពេលដឹកជញ្ជូនទំនិញមកកាន់អ្នកបញ្ជាទិញ។
កន្លងមក លោក Haddad បានប្រកាសរួចហើយថារដ្ឋាភិបាលនឹងស្វែងរកមធ្យោបាយរដ្ឋបាល និងអនុវត្តការត្រួតពិនិត្យកម្រិតខ្ពស់ ដើម្បីបិទចន្លោះប្រហោងដែលក្រុមហ៊ុនអេឡិចត្រូនិកធំៗនៅអាស៊ីបានទាញយកផលប្រយោជន៍តាមរយៈការបញ្ជូនការបញ្ជាទិញតាមរយៈបុគ្គលជាអ្នកប្រើប្រាស់ដើម្បីទទួលបានការលើកលែងពន្ធ។ ផ្អែកតាមការលើកឡើងនេះ ក្រុមហ៊៊ុនធំៗដូចជា AliExpress របស់ក្រុមហ៊ុន Alibaba Group, Sea Ltd ដែលគ្រប់គ្រងដោយ Shopee និង Shein ត្រូវបានគេមើលឃើញថាជាគោលដៅសំខាន់នៃវិធានការនេះ៕