ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងការធ្វើត្រួតពិនិត្យបច្ចេកទេសយានយន្តត្រូវធ្វើលើរថយន្តទាំងអស់រួមទាំងរថយន្តអគ្គិសនីផងដែរ តែថារថយន្តអគ្គិសនីអាចយកទៅត្រួតពិនិត្យរៀងរាល់ ៤ឆ្នាំម្ដង។
ថ្លែងក្នុងពិធីសម្ពោធស្ថានីយត្រួតពិនិត្យបច្ចេកទេសយានយន្តដែលហៅថា ឆៀក សំរោងអណ្ដែត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដោយលើកទឹកចិត្តពលរដ្ឋឱ្យប្រើប្រាស់រថយន្តអគ្គិសនីដោយជារថយន្តថ្មី ហើយមានតម្លៃប្រហាក់ប្រហែលរថយន្តជជុះផងដែរ។
លោកថា៖ «ទិញមកថ្មីរួចខ្លួនហើយ! ទិញមកមួយទឹកត្រូវឆៀក ២ឆ្នាំម្ដង តែយើងទិញឡាន EV មក ៤ឆ្នាំក្រោយទើបមកឆៀក»។
គិតត្រឹមខែមករា ឆ្នាំ២០២៣ កម្ពុជាមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីចំនួនជិត ៨០០គ្រឿង គឺកើនឡើងជាង ១០ដង បើធៀបនឹងឆ្នាំ២០២១ គឺមានតែ ៦៦គ្រឿងប៉ុណ្ណោះ។
បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ បច្ចុប្បន្ននៅទូទាំងប្រទេស មានស្ថានីយ៍បញ្ចូលថាមពលអគ្គិសនីចំនួន ១៣កន្លែង ក្នុងនោះ ៤កន្លែងនៅក្រសួងសាធារណការ ១នៅខេត្តបាត់ដំបង ១នៅខេត្តសៀមរាប ១នៅខេត្តព្រះសីហនុ ១នៅខាងព្រៃស ១នៅខេត្តមណ្ឌលគិរី ១នៅអ៊ីអនសែនសុខ និង៣កន្លែងទៀតរបស់ក្រុមហ៊ុន PTT៕