ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាជាមួយ អភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី នៃប្រទេសចិន លោក Lan Tianli នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ លោក Lan Tianli បានថ្លែងថា កម្ពុជាបច្ចុប្បន្នកាន់តែមានការរីកចម្រើនទ្វេឡើងបន្ថែមទៀត ដោយក្នុងនោះមានអាគារខ្ពស់ៗជាច្រើន និងប្រជាជនមានជីវភាពធូរធារច្រើន ដែលខុសពីលោកមកកម្ពុជាកាលពីឆ្នាំ២០០៦។
លោកបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជា គឺមានគោលបំណង៣ គឺ ទី១ ចង់អរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលកន្លងមកតែងតែគាំទ្រតំបន់ស្វយ័តក្វាងស៊ី ជាពិសេសគាំទ្រការរៀបចំពិពណ៌ ចិន-អាស៊ាន នៅទីក្រុងណាននីង។ ទី២ គឺការជំរុញ ការអនុវត្តកិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំកំពូល របស់ចិន និងកម្ពុជា ជាពិសេសការកសាងសហគមន៍ជោគវាសនា រួម ចិន-កម្ពុជា។ ចំណែកគោលបំណងទី៣ គឺលោកចង់សុំអនុសាសន៍ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាព និងថ្លែងអំណរគុណចំពោះការវាយតម្លៃ លើទំនាក់ទំនងរវាងកម្ពុជា និងប្រទេសចិន។ សម្ដេចតេជោបានផ្ដល់អនុសាសន៍ឲ្យលោក Lan Tianli បន្តកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ឲ្យកាន់តែស៊ីជម្រៅនិងអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ដែរនោះឲ្យបានគ្រប់ជ្រុងជ្រោយ៕