ស្ត្រីបុគ្គលិកកាស៊ីណូនៅក្រុងបាវិតម្នាក់ស្លាប់ដាច់-ក យ៉ាងព្រៃផ្សៃក្នុងបន្ទប់ជួល សង្ស័យជាករណីឃាតកម្ម
ស្វាយរៀង៖ ស្ត្រីបុគ្គលិកនៅកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត ខេត្តស្វាយរៀង បានស្លាប់យ៉ាងព្រៃផ្សៃដោយកាច់កចេញពីខ្លួន ទាំងអាក្រាតកាយនៅក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សាកសពរបស់នាងត្រូវបានរកឃើញនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
អភិបាលរងខេត្តស្វាយរៀង លោក ម៉ែន អេង បានបញ្ជាក់មក EAC news ឱ្យដឹងថា ស្ត្រីជនរងគ្រោះត្រូវបានឃាតកកាត់-ក យ៉ាងព្រៃផ្សៃ ដោយសាកសពមានស្ថានភាពអាក្រាតកាយ។ តែយ៉ាងណា មិនដឹងថា ឃាតកម្មនេះកើតឡើងដោយសារមូលហេតុអ្វីនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកឃាតកយកមកផ្ទន្តាទោសតាមច្បាប់។
បើតាមរបាយការណ៍ដែលទទួលបានពីអភិបាលរងខេត្តស្វាយរៀង ស្ត្រីរងគ្រោះ មានអាយុ ២៤ឆ្នាំ ជាបុគ្គលិកនៅកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត និងមានទីកន្លែងកំណើតនៅក្នុងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕