ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលជលផលទទូចឱ្យឈប់ប្រើឧបករណ៍នេសាទខុសច្បាប់ខណៈកូនផ្សោតអាយុ៤ថ្ងៃ ១ក្បាលបានស្លាប់ដោយជាប់មង

ក្រចេះ៖ រដ្ឋបាលជលផលអំពាវនាវដោយទទូចដល់ប្រជានេសាទ ត្រូវឈប់ប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត ក្នុងតំបន់សត្វផ្សោតរស់នៅជាបន្ទាន់ ខណៈមានកូនផ្សោតឈ្មោល១ក្បាល បានស្លាប់ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយតាមរយៈការធ្វើកោសល្យវិច្ច័យ ក្រុមការងារបានសន្និដ្ឋានថា កូនផ្សោតនេះស្លាប់ដោយជាប់មង។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា តាមការពិនិត្យនិងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF កូនផ្សោតស្លាប់នេះ មានទម្ងន់ ១០គីឡូក្រាម ប្រវែង ០,៨៧ម៉ែត្រ អាយុប្រមាណ៤ថ្ងៃ រលាត់ស្បែក ដាច់កន្ទុយ និងដាច់ព្រុយចំហៀងទាំងសងខាង។

រដ្ឋបាលជលផលគូសបញ្ជាក់ថា បច្ចុប្បន្នសត្វផ្សោតទន្លេមេគង្គរងការគំរាមកំហែង ដោយឧបករណ៍នេសាទបង សន្ទូចរនង និងឧបករណ៍ឆក់ ទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការកំណត់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង ១២០គីឡូម៉ែត្រ ចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ខេត្តក្រចេះ ដោយហាមឃាត់ការធ្វើនេសាទដែលបើ ឧបករណ៏បង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត។

បើទោះបីជាលទ្ធផលការប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត មានការថយចុះប្រមាណពី៥០ទៅ៦០% យ៉ាងណាក្តី ក៏នៅមានការឆ្លៀតឱកាសក្នុងការប្រើប្រាស់ឧបករណ៍ទាំងនោះ ដែលជាហេតុនាំឱ្យសត្វផ្សោតស្លាប់។

ទន្ទឹមនោះដែរ រដ្ឋបាលជលផលស្នើឱ្យបញ្ឈប់រាល់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ទាំងអស់ ក្នុងតំបន់សត្វផ្សោតរស់នៅជាបន្ទាន់ ដើម្បីធានានិរន្តរភាពសត្វ ផ្សោត សម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៏ បង្កើនប្រាក់ចំណូល និងសម្រាប់កូនចៅជំនាន់ក្រោយៗបានស្គាល់និង ថែរក្សាបន្ត។

គួរឱ្យដឹងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការពាក់ព័ន្ធ បាននិងកំពុងបន្តពង្រឹងការការពារជាប្រចាំនៅតំបន់ដែលសត្វផ្សោតរស់នៅ ព្រមទាំងបានបន្តអប់រំផ្សព្វផ្សាយដល់ពលរដ្ឋក្នុងមូលដ្ឋាន អំពីតម្លៃជាសកលនៃសត្វផ្សោតទន្លេមេគង្គនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក