ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិសម្តេចពិជ័យសនា ទៀ បាញ់ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ដល់រូបលោក ព្រមទាំងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការទុកចិត្ត និងការគាំទ្រដល់រូបលោក ដើម្បីបំពេញភារកិច្ចបម្រើជាតិនិងប្រជាជន។
នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារក្នុងបណ្តាញសង្គមថា៖«ធ្លាប់តែបំពាក់ឋានន្តរស័ក្តិជូននាយទាហាន នាយទាហានរង ពលទាហានរាប់ពាន់នាក់នៅក្នុងកងទ័ព ថ្ងៃនេះដល់វេនត្រូវបំពាក់ខ្លួនឯង»។
គួរឱ្យដឹងដែរថា ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត បានធ្វើកិច្ចការជាច្រើនជួយដល់ជាតិមាតុភូមិអាចឃើញភាពលេចធ្លោនោះគឺ ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការចូលរួមជួយដល់ការអភិវឌ្ឍន៍សង្គម និងសាសនាជាដើម ខណៈលើឆាកអន្តរជាតិក៏ឃើញមានការលេចធ្លោជាច្រើនផងដែរទាក់ទងនឹងការបង្កើតកិច្ចសហប្រតិបត្តិការយោធា និងការជំរុញទំនាក់ទំនងរវាងកម្ពុជានិងពិភពលោក៕