រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ លទ្ធកម្មសាធារណៈ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសវៀតណាម
ភ្នំពេញ៖ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ចំនួនបីដែលសុទ្ធសឹងមានសារៈសំខាន់នៅក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងសង្គម ក៏ដូចជាកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នា។
ប្រធានរដ្ឋសភាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី រួមមាន សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ សេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ភាពងាយស្រួលកែលម្អ បំពេញចន្លោះខ្វះខាត និងធានាសង្គតភាពជាមួយច្បាប់ បទដ្ឋានគតិយុត្តនានា ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច ព្រមទាំងចូលរួមជំរុញ ព្រមទាំងលើកកម្ពស់វិស័យធុរកិច្ចនៅកម្ពុជា បង្កើនភាពអនុគ្រោះនៃបរិយាកាសវិនិយោគ ពង្រឹងកម្រិតអនុលោមភាពសារពើពន្ធ ធានានូវការប្រកួតប្រជែងដោយស្មើភាពគ្នាជាដើម ដែលមាន ២០ជំពូក និង២៥៥មាត្រា។
ចំណែកសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈវិញ បានកំណត់គោលការណ៍សំខាន់ៗអំពីមុខងារ និងការទទួលខុសត្រូវឱ្យដាច់ពីគ្នារវាងស្ថាប័នគ្រប់គ្រងលទ្ធកម្ម និងស្ថាប័នអនុវត្តលទ្ធកម្ម ការផ្ទេរសិទ្ធិអំណាច ក៏ដូចជាការទទួលខុសត្រូវលើកិច្ចលទ្ធកម្ម ជូនស្ថាប័នអនុវត្ត ការពង្រឹង កែលម្អយន្តការនៃការទទួល ដោះស្រាយពាក្យបណ្តឹងតវ៉ាលទ្ធកម្មឱ្យឯករាជ្យ និងការបង្កើតឱ្យមានរបបដាក់ទោសទណ្ឌ។ សេចក្តីព្រាងច្បាប់នេះ មាន ១៥ជំពូក និង ៨៧មាត្រា។
រីឯសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ មុខទំនិញនាំចេញតាមរយៈការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ ធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម ខណៈសេចក្តីព្រាងច្បាប់នេះមានពីរមាត្រា៕