ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចនឹងចងដៃការទៅបុរសនារីណាដែលពើបស្រលាញ់គ្នាក្នុងពេលបានជិះឡានក្រុងសាធារណៈដោយឥតគិតថ្លៃក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាសម្ភពនៃមន្ទីរពេទ្យកុមារជាតិ ព្រឹកថ្ងៃទី២០ ខែមេសា សម្ដេចតេជោបានលើកឡើងថាអស់រយៈពេលជាច្រើនឆ្នាំហើយដែលសម្ដេចចង់ដេញថ្លៃជាមួយនឹងក្រុមឡានឈ្នួលនិងតាក់ស៊ីដែលបានឡើងថ្លៃពេលចូលឆ្នាំ។ សម្ដេចបានបង្ហាញនូវការពេញចិត្តដែលសាលារាជធានីភ្នំពេញបានបញ្ចេញនូវរថយន្តក្រុងសាធារណៈដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ។
ក្នុងពេលដែលបញ្ចេញរថយន្តក្រុងសាធារណៈជូនពលរដ្ឋទៅស្រុកដោយអត់គិតថ្លៃ សម្ដេចតេជោក៏បានគិតផងដែរថាប្រហែលជាមានបុរសនិងនារីអាចមាននិស្ស័យជួបគ្នានិងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដោយសារតែការផ្ដល់សេវាសាធារណៈរបស់រដ្ឋមួយនេះផងដែរ។
សម្ដេចថា៖ «សុំផ្ញើលិខិតការមកខ្ញុំផងដើម្បីខ្ញុំចង់ដៃ»។
គួរឱ្យដឹងដែរថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេង ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ប្រជាពលរដ្ឋប្រមាណ ៥ម៉ឺននាក់ បានប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ៕
PHOTO: ហ៊ុន យុទ្ធគុណ