ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជាមិនតម្រូវឱ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍បង់ ៥០ដុល្លារសម្រាប់ការស្នាក់នៅ និងហូបចុកក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឡើយ

ភ្នំពេញ៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេម-ប៉ារ៉ាហ្គេមឆ្នាំ២០២៣ កម្ពុជាមិនតម្រូវឱ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់បង់ថ្លៃការហូបចុក និងស្នាក់នៅក្នុងម្នាក់ៗ ៥០ដុល្លារអាមេរិកក្នុងមួយថ្ងៃៗឡើយ។

លោក វ៉ាត់ ចំរើន បានថ្លែងដូចនេះ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅក្រោយកិច្ចប្រជុំពិសេសមួយ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC-CAMAPGOC ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំងអស់។

លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «យើងទាំងអស់គ្នា ពិតជាមានភាពកក់ក្តៅ និងរំភើបរីករាយ ប្រកបដោយមោទនភាពជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយយើងទាំងអស់គ្នានឹងគោរពតាមការសម្រេចចិត្តនេះ»។

លោក វ៉ាត់ ចំរើន បានចាត់ទុកថា ការមិនទទួលយកប្រាក់កម្រៃ ឬថ្លៃសេវារបស់ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗចំនួន ៥០ដុល្លារ ក្នុង ១ថ្ងៃៗនេះថា ជាការសម្រេចចិត្តដ៏វិសេសវិសាលមួយដែលមិនធ្លាប់មានក្នុងប្រវត្តិស៊ីហ្គេម ហើយក្នុងនាមជាម្ចាស់ផ្ទះ នឹងគោរពនូវការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

លោកបានអំពាវនាវដល់សហព័ន្ធកីឡាជាតិ ដែលគ្រប់គ្រងក្រុមកីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ ត្រូវថែទាំសុខភាពពួកគាត់ឱ្យបានល្អប្រសើរ កុំឱ្យមានរបួសស្នាមផ្សេងៗ ជាពិសេសកុំឱ្យមានការប្រកួតណាមួយ ក្នុងអំឡុងត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដើម្បីកុំឱ្យប៉ះពាល់ដល់ការត្រៀមខ្លួនប្រកួតប្រជែងមេដាយជូនជាតិ។

លោកថ្លែងថា៖ «នេះគឺជាសារមួយដ៏សំខាន់របស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដើម្បីថែបំប៉នគុណភាពបច្ចេកទេស សុខភាពអត្តពលិកកម្ពុជាឱ្យមានរឹងមាំ»។

គូសបញ្ជាក់ថា នៅសល់តែ ១៦ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលនឹងធ្វើនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខណៈភ្លើងគប់កីឡាបានដង្ហែស្ទើរតែគ្រប់បណ្តាប្រទេសក្នុងអាស៊ាន ពោលនៅសល់តែប្រទេសមីយ៉ាន់ម៉ា និងឡាវ ហើយនឹងត្រឡប់មកកម្ពុជាវិញដោយឆ្លងកាត់ខេត្តជុំវិញបឹងទន្លេសាប រួចបន្តឆ្ពោះមកទីលានពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងបើកពិធីប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក