អន្តរជាតិ៖ ខ្សែភាពយន្តរឿង The Super Mario Bros Movie ជាភាពយន្តគំនូរជីវចលដែលធ្វើបានល្អបំផុតកាលពីចុងសប្តាហ៍កន្លងទៅ ដែលជាសប្តាហ៍ទីពីរនៃការចាក់បញ្ចាំងរបស់ខ្លួន និងបន្តរកបានប្រាក់ចំណូលជាង ៨៧លានដុល្លារអាមេរិកពីគ្រប់រោងភាពយន្តនៅអាមេរិកខាងជើងកាលពីចុងសប្តាហ៍នេះ។ បន្ថែមពីនេះ ជាមួយប្រាក់ចំណូល ៩៤លានដុល្លារអាមេរិកបន្ថែមពីរោងភាពយន្តទូទាំងពិភពលោក បានធ្វើឱ្យភាពយន្តផលិតដោយផ្អែកពីហ្គេមកុមារភាពនេះ រកបានប្រាក់ចំណូលសរុប ៦៧៨លានដុល្លារអាមេរិកហើយ ដែលតួលេខនេះបានវ៉ាដាច់ភាពយន្ត Ant-Man And The Wasp: Quantumania ក្លាយជាភាពយន្តរកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៣នៅ ២សប្តាហ៍ដំបូង។
ភាពយន្ត Mario មានគូប្រជែងតិចតួចនៅចុងសប្តាហ៍នេះដែលរួមមានដូចជាខ្សែភាពយន្ត Renfield, The Pope’s Exorcist, Mafia Mamma ខណៈ Mario Bros នៅសល់ពេលត្រឹម ២សប្តាហ៍ទៀតប៉ុណ្ណោះ មុនការឈានចូលមកដល់នៃខ្សែភាពយន្តធំ Guardians Of The Galaxy Vol 3 ដែលជាការចាប់ផ្តើមទីផ្សារភាពយន្តនារដូវក្ដៅនេះ។
នៅចុងសប្តាហ៍កន្លងទៅ នាទីផ្សារភាពយន្តនៅអាមេរិកខាងជើងភាពយន្ត The Super Mario Bros Movie គ្រងតំណែងលេខ១ ជាមួយប្រាក់ចំណូល ៨៧លានដុល្លារអាមេរិក និងលេខ២ បានទៅលើខ្សែភាពយន្តប្រភេទរន្ធត់ The Pope’s Exorcist របស់ផលិតកម្ម Sony ដែលរកចំណូលបាន ៩,២លានដុល្លារអាមេរិក និងលេខ៣បានទៅលើខ្សែភាពយន្ត John Wick: Chapter 4 ដែលនៅបន្តកើបលុយបានជាង ៧,៩លានដុល្លារអាមេរិក៕