កូរ៉េខាងជើង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយនៃសារព័ត៌មានរដ្ឋ KCNA បានចុះផ្សាយថា រដ្ឋាភិបាលកូរ៉េខាងជើងបានរៀបចំពិធីអបអរសាទរមួយកាលពីថ្ងៃអាទិត្យកន្លងទៅ ដើម្បីអបអរសាទរការបញ្ចប់ការសាងសង់នូវគេហដ្ឋានបែបទំនើបចំនួន ១០,០០០ខ្នង ស្ថិតនៅតំបន់ Hwasong នៃរដ្ឋធានី Pyongyang។
សេចក្តីរាយការណ៍ដដែលបានបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងជើង លោក Kim Jung Un ក៏មានវត្តមាននៅក្នុងពិធីនោះផងដែរ ដែលអមដោយវត្តមានមន្រ្តីជាន់ខ្ពស់ជាច្រើនរូបនៃរដ្ឋាភិបាល ជាពិសេសគឺលោក Kim Tok Hun ដែលជាប្រធានគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលកូរ៉េខាងជើង។
ព្រឹត្តិការណ៍ដ៏សំខាន់នេះបានធ្វើឡើងយ៉ាងឆាប់រហ័ស ពោលគឺរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះបន្ទាប់ពីលោក Kim Jung Un បានចូលួមជានិមិត្តរូបចាប់ផ្តើមបុកគ្រឹះសាងសង់លើគម្រោងលំនៅដ្ឋានមួយផ្សេងទៀត ដែលគេឱ្យឈ្មោះថាជាគម្រោងនៃ "វិថីដ៏ប្រណិតមួយផ្សេងទៀតនៃជីវភាពសង្គមនិយមដែលពោរពេញទៅដោយសុភមង្គលរបស់ប្រជាជន" នេះបើតាមសេចក្តីរាយការណ៍របស់ KCNA។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ កន្លងទៅ ប្រទេសកូរ៉េខាងជើងបានប្រកាសពីផែនការនៃការសាងសង់លំនៅឋាន Apartment ថ្មីចំនួន ៥០,០០០ខ្នងនៅក្នុងរដ្ឋធានី Pyongyang ក្នុងរយៈពេល ៥ឆ្នាំបន្តបន្ទាប់។
ចាប់តាំងពីពេលនោះមក ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានឆ្ពោះទៅមុខជាមួយនឹងគម្រោងសាងសង់លំនៅឋានជាបន្តបន្ទាប់ ដែលគម្រោងមួយចំនួនក៏នៅតែមានដំណើរការ បើទោះបីជាមានការសង្ស័យ និងការផ្សព្វផ្សាយព័ត៌៌មានជាបន្តបន្ទាប់ពីបញ្ហានៃការខ្វះខាតចំណីអាហារធ្ងន់ធ្ងរក្នុងប្រទេស។ ប្រធានាធិបតីកូរ៉េខាងជើងបាននិយាយថា ផែនការលំនៅដ្ឋាន គឺជាគម្រោងដែលរង់ចាំជាយូរមកហើយដោយគណបក្ស និងប្រទេសរបស់លោក ហើយលោកបានអះអាងជាថ្មីនូវគំនិតរបស់លោកក្នុងការធ្វើឱ្យទីក្រុងព្យុងយ៉ាងវិវត្តន៍ខ្លួនក្លាយជាទីក្រុងអន្តរជាតិនាពេលអនាគត៕