ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំកិច្ចប្រជុំពិសេសមួយដើម្បីពិនិត្យ និងពង្រឹងការប្រកួតឱ្យកាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំពិសេសនេះរៀបចំឡើងក្រោមការដឹកនាំរបស់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន និង អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ស្ដីពីសកម្មភាពនៃការប្រកួតកីឡាប្រដាល់គុនខ្មែរនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ជាលទ្ធផលសហព័ន្ធកីឡាប្រដាល់គុនខ្មែរពិនិត្យ និងពង្រឹងឡើង វិញនូវបទបញ្ជាការប្រកួតឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រកាសឱ្យបានច្បាស់លាស់នូវលក្ខខ័ណ្ឌការប្រកួតចំនួនទឹកដល់កីឡាករ កីឡាការិនី និងមហាជនបានជ្រាប។
ក្នុងនោះដែរ ក៏នឹងធ្វើការពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្ដាល ចៅក្រមដឹកនាំការប្រកួតបន្ថែមទៀត និងគ្រប់គ្រង ថែទាំកីឡាករជម្រើសជាតិឱ្យបានល្អ សម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេមខាងមុខ។
គួរឱ្យដឹងដែរថា កិច្ចប្រជុំពិនិត្យ និងពង្រឹងនេះរៀបចំឡើងក្រោយប្រតិកម្មច្រើនទាក់ទងជាមួយនឹងអាជ្ញាកណ្ដាលនៃការប្រកួតកីឡាប្រដាល់មិត្តភាពកម្ពុជាថៃរវាងកីឡាករកម្ពុជា លោក ឈាង ល្វៃ និងកីឡាករថៃ លោក សាមី បានចាមេក ដោយមានការចោទប្រកាន់ថា អាជ្ញាកណ្ដាលមានការលំអៀងទៅលើកីឡាករថៃ។
ជាមួយគ្នានេះសម្ដេចតេជោក៏បានលើកឡើងថា កីឡាករដែលត្រៀមសម្រាប់ស៊ីហ្គេមមិនគួរណាត្រូវឲ្យឡើងមកវ៉ៃនៅលើសង្វៀនទេនៅពេលនេះទេ ពោលត្រូវត្រៀមសម្រាប់ស៊ីហ្គេមតែម្ដង៕