សៀមរាប៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បន្តផ្តល់ជូន WiFi សាធារណៈឱ្យភ្ញៀវទេសចរប្រើប្រាស់ដោយឥតគិតថ្លៃ បើទោះបីចប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។
ក្រសួងប្រៃសណីយ៍សង្កេតឃើញថា ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណ: ក្រសួងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃ ទោះព្រឹត្តការណ៍អង្គរសង្ក្រាន្តបានបញ្ចប់យ៉ាងក្តី។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងរកទីតាំង WiFi សាធារណៈទាំង១៦ តាមតំណភ្ជាប់ ឬ ស្កេន QR Code ក្នុងរូប ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែងដែលបានកំណត់ ដើម្បីភ្ជាប់ WiFi។
អ្នកសារព័ត៌មានម្នាក់ដែលទៅយកព័ត៌មាននៅព្រឹត្តិការណ៍អង្គរសង្រ្កាន្ត គឺកញ្ញា ផាត ដាណេ បាននិយាយថា ការផ្តល់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះពិតជាផ្តល់ភាពងាយស្រួលដល់កញ្ញាក្នុងការធ្វើការ រាយការណ៍ និងផ្តល់ព័ត៌មានបានលឿនរហ័សទាន់ចិត្ត។ កញ្ញានិយាយថា៖ «មានសេវាអ៊ីនធឺណិតដោយឥតគិតថ្លៃគឺផ្តល់ភាពងាយស្រួលឱ្យខ្ញុំស្រួលធ្វើការ សរសេរព័ត៌មាន និងបញ្ជូនព័ត៌មានផ្សព្វផ្សាយបានឆាប់រហ័ស»៕