លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ការប៉ះទង្គិចដ៏ខ្លាំងក្លានៃកងកម្លាំងប្រទេសស៊ូដង់សម្លាប់មនុស្សជាង ១០០នាក់

ស៊ូដង់៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានកើតឡើងនៅក្នុងរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់ បើទោះបីជាមានការផ្អាកការប្រយុទ្ធរយៈពេលមួយម៉ោងកាលពីថ្ងៃអាទិត្យម្សិលមិញនេះដើម្បីដោះស្រាយតម្រូវការមនុស្សធម៌ រួមទាំងការជម្លៀសអ្នករងរបួសនៅថ្ងៃទីពីរនៃការប្រយុទ្ធគ្នាដែលបានធ្វើឱ្យបុគ្គលិកអង្គការសហប្រជាជាតិ ៣នាក់ក្នុងចំណោមជនស៊ីវិលជាង ៥០នាក់ត្រូវបានស្លាប់បាត់បង់ជីវិតនៅទូទាំងប្រទេស។

កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា ខ្លួនកំពុងផ្អាកប្រតិបត្តិការនៅក្នុងប្រទេសក្រីក្រភាគខាងជើងនៃទ្វីបអាហ្វ្រិកមួយនេះ ក្រោយពីមានការប៉ះទង្គិចនាំឱ្យស្លាប់បុគ្គលិកចំនួន ០៣នាក់នៃអង្គការក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិមួយនេះ។ 

ការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល និងកងកម្លាំងគាំទ្ររហ័ស (RSF) បានបង្កឱ្យមានការតវ៉ាជាអន្តរជាតិ និងការព្រួយបារម្ភក្នុងតំបន់ រួមទាំងការបិទព្រំដែនដោយប្រទេសជិតខាងរួមមានដូចជាអេហ្ស៊ីប និងប្រទេសឆាដជាដើម។ សាក្សីនៃហេតុការណ៍នេះបាននិយាយថា ការបំផ្ទុះដោយបន្លឺសំឡេងយ៉ាងខ្លាំង រួមជាមួយនិងការបាញ់កាំភ្លើងទ្រង់ទ្រាយធំជាបន្តបន្ទាប់កើតឡើងនៅតាមតំបន់នានា ស្ថិតនៅភាគខាងជើង និងភាគខាងត្បូងជាយរដ្ឋធានី Khartoum ដែលមានមនុស្សរស់នៅយ៉ាងច្រើនកុះករ ហើយគេក៏សង្កេតឃើញមានការចល័តរថក្រោះ និងការបើកបរយន្តហោះចម្បាំងនៅលើផ្ទៃអាកាសផងដែរ។ 

ការប្រយុទ្ធគ្នាបានកើតមានឡើងជាបន្តបន្ទាប់កាលពីយប់ថ្ងៃអាទិត្យ ខណៈពលរដ្ឋស៊ូដង់មានភាពភ័យខ្លាចជាខ្លាំងដោយសម្ងំនៅតែក្នុងផ្ទះរៀងៗខ្លួន។ ជម្លោះនេះត្រូវគេមើលឃើញថាអាចនឹងមានការអូសបន្លាយពេល ក៏ដូចជាប្រឈមនឹងការធ្លាក់ចូលទៅក្នុងភាពវឹកវរកាន់តែជ្រៅ ហើយនៅសេសសល់ក្ដីសង្ឃឹមតិចតួចក្នុងការផ្លាស់ទៅកាន់ការដឹកនាំបែបលទ្ធិប្រជាធិបតេយ្យ។ គួរបញ្ជាក់ថា អំពើហឹង្សាបានផ្ទុះឡើងនៅព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីមានការតស៊ូអំណាចជាច្រើនសប្តាហ៍រវាងមេបញ្ជាការកងទ័ព លោក Abdel Fattah al-Burhan និងមេបញ្ជាការរងគឺលោក Mohamed Hamdan Daglo ដែលជាប្រធាននៃចលនា RSF ដែលមានអំណាចនៃការកាន់កាប់ប្រដាប់អាវុធធំធេង។ គណៈកម្មាធិការកណ្តាលនៃក្រុមវេជ្ជបណ្ឌិតស៊ូដង់គាំទ្រលទ្ធិប្រជាធិបតេយ្យបានរាយការណ៍ថាជនស៊ីវិលយ៉ាងហោចណាស់ ៥៦នាក់ត្រូវបានស្លាប់ ក៏ដូចជាមានកងកម្លាំងរាប់សិបនាក់ផ្សេងទៀតបានស្លាប់ និងជាង ៦០០នាក់បានរងរបួសក្នុងការប៉ះទង្គិចដ៏ខ្លាំងក្លានេះ។

កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ ក្រុមកងទ័ពបាននិយាយថា ពួកគេបានយល់ព្រមលើសំណើរបស់អង្គការសហប្រជាជាតិ ដើម្បីបើកច្រកសុវត្ថិភាពសម្រាប់កិច្ចការមនុស្សធម៌ រួមទាំងការជម្លៀសអ្នករបួសចេញពីសមរភូមិរយៈពេលបីម៉ោង។ យ៉ាងណាមិញ ភាគីនៃការប្រយុទ្ធទាំងសងខាងបាននិយាយថា ពួកគេនៅតែរក្សាសិទ្ធិក្នុងការតបត ក្នុងករណីមានការបំពានពីសំណាក់ភាគីម្ខាងទៀត។ អំឡុងការផ្អាកប្រយុទ្ធនេះ គេនៅតែសង្កេតឃើញ និងឮស្នូរនៃគ្រាប់កាំភ្លើងបានបន្លឺឡើង រួមទាំងផ្សែងខ្មៅខ្មួលខ្មាញ់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុង Khartoum ដដែល៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក