ពលករខ្មែរធ្វើការនៅកូរ៉េ បានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិ
កូរ៉េ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានកោតសរសើរ និងថ្លែងអំណរគុណជូនដល់ពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀត។
លោក អ៉ិត សំហេង លើកឡើងបែបនេះ ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្តកូរ៉េ រៀបចំធ្វើឡើងនៅទីក្រុងអឹយចុងប៊ូ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលមានការចូលរួមពីបពលករខ្មែរ និស្សិតខ្មែរ អង្គទូត និងភាគីកូរ៉េ សរុបប្រមាណ ៥ពាន់នាក់។
រដ្ឋមន្រ្តីក្រសួងការងារ បានឱ្យដឹងថាពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េអាចផ្ញើប្រាក់ទៅគ្រួសារជាមធ្យមប្រមាណ ១ ០០០ដុល្លារក្នុង១ខែ និងបានរួមចំណែករកប្រាក់ចំណូលជូនជាតិប្រមាណជិត ៦០០លានដុល្លារ ជារៀងរាល់ឆ្នាំ។
លោកបន្តឱ្យដឹងថា បន្ទាប់ពីបញ្ចប់អាណត្តិការងាររបស់ខ្លួន ដែលជាពលករនឹងទទួលជំនាញ វិន័យ ចំណេះដឹង ធនធាន និងបទពិសោធន៍ ដើម្បីយកទៅអនុវត្តនៅប្រទេសខ្លួនវិញ មិនតែប៉ុណ្ណោះ ព្រមទាំងអាចជាស្ពានសម្រាប់ការទាក់ទាញវិនិយោគដោយផ្ទាល់ ខណៈកូរ៉េតែងតែកោតសរសើរ និងសង្កេតឃើញថា ពលករកម្ពុជាតែងតែគោរពវិន័យការងារបានត្រឹមត្រូវ និងមានឥរិយាបថល្អអំឡុងពេលបម្រើការងារ។
ក្នុងឱកាសនោះដែរ លោក អ៉ិត សំហេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើង អំពីការអនុវត្តភារកិច្ច ៥ រួមមាន ការពង្រឹងសហប្រតិបត្តិការជាមួយភាគីកូរ៉េ ដើម្បីរក្សា និងបង្កើនការងារជូនពលករកម្ពុជា ផ្តល់សេវាសាធារណៈដល់ពលករ តាំងពីពេលប្រឡងតេស្តភាសាកូរ៉េ រហូតដល់ពេលធ្វើការ ហើយត្រឡប់ទៅវិញ សហការជាមួយភាគីកូរ៉េ ការពារសិទ្ធិការងារតាមច្បាប់ និងអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរ ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនសមត្ថភាពជូនក្មួយៗ ដើម្បីអាចរកការងារថ្មី និងត្រៀមលក្ខណៈសម្បត្តិពេលដែលវិលត្រឡប់ទៅវិញ និង សម្របសម្រួលបញ្ហាផ្សេងៗ ការប្រឹក្សា និងដោះស្រាយបញ្ហាទៅដល់ពលករ។
គួរឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ២០០០ រដ្ឋមន្រ្តីក្រសួងការងារ លោក អ៉ិត សំហេង បានមកទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ដើម្បីចចារជាមួយក្រសួងមុខរបរ និងការងារ និងស្ថាប័នពាក់ព័ន្ធកូរ៉េ បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាពិសេសការទទួលយកពលករកម្ពុជា ដោយចាប់ផ្តើមពីការអនុវត្តប្រព័ន្ធបណ្តុះបណ្តាលជំនាញ និងបន្ទាប់មកប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) នៅឆ្នាំ២០០៧ ដែលបានផ្តល់បរិយាកាសការងារកាន់តែល្អប្រសើរ និងការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនប្រកបដោយសុក្រឹតភាព តម្លាភាព និងសុវត្ថិភាព៕