កែប៖ ក្មេងប្រុសដែលលង់ទឹកបាត់ខ្លួននៅឆ្នេរកែបថ្មីកាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤:៤៥នាទី ពេលនេះត្រូវបានសមត្ថកិច្ចបានរកឃើញសាកសពនៅវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី១៦ មេសា ២០២៣។
តាមព័ត៌មានផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ហេតុការណ៍នេះបានកើតឡើង នៅឆ្នេរថ្មី ខាងជើងផ្សារក្តាម ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤:៤៥នាទី។
នៅម៉ោងថ្ងៃកើតហេតុ ក្មេងប្រុសអាយុ ១១ឆ្នាំដែលជាជនរងគ្រោះ បានចុះទៅលេងទឹកជាមួយបងប្អូនប្រុស ២នាក់ក្រោយពីញ៉ាំអាហាររួច។ មួយសន្ទុះក្រោយមក ឈ្មោះ សុខគា ភេទប្រុស ដែលចុះទៅលេងទឹកដែរនោះ បានមកប្រាប់សាច់ញាតិថា ឈ្មោះ ម៉ៅ សារិទ្ធិ បានលង់ទឹកហើយ។
ឮដូច្នេះក្រុមគ្រួសារក៏នាំគ្នារត់ទៅកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើល ហើយក៏បាននាំគ្នាចុះរាវរក តែរកមិនឃើញហើយក៏បានមករាយការណ៍ជូនសមត្ថកិច្ចនៅទីនោះឲ្យពួកគាត់ដឹងហេតុការណ៍ និងជួយរក។
លុះដល់វេលាម៉ោង៦:៣០នាទីព្រឹក ថ្ងៃទី១៦ មេសា ២០២៣ សពត្រូវបានកម្លាំងសមត្ថកិច្ចសហការរកឃើញ និងសហការជាក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យ ដោយសន្និដ្ឋានបានថា សពពិតជាបានស្លាប់ដោយលង់ទឹក និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕