លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

នាយករដ្ឋមន្ត្រីណែនាំប្រារព្ធទិវាពលកម្មអន្តរជាតិឲ្យកាន់តែអធិកអធម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ឲ្យកាន់តែអធិកអធម។

ក្នុងសារាចរណ៍ណែនាំចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃចលនាកម្មករអន្តរជាតិជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។

សម្ដេចបន្ថែមថាខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នេះប្រារព្ធឡើង ក្រោមប្រធានបទ ”សន្តិភាព ស្ថិរភាព មុខរបរ និងការងារ។

ដើម្បីរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នេះឱ្យប្រព្រឹត្តទៅបានល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការណែនាំដូចខាងក្រោម៖

១-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួង ស្ថាប័ន និង ភាគីពាក់ព័ន្ធ ត្រូវរៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៣ ថ្នាក់ជាតិ ដោយមានការចូលរួមពីកម្មករនិយោជិត និយោជក និងដៃគូពាក់ព័ន្ធ។

២-ប្រគល់ភារកិច្ចជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត សហការជាមួយអង្គការវិជ្ជាជីវៈ - រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៣ នៅតាមរាជធានី ខេត្តនីមួយៗ ដឹកនាំរៀបចំការកម្សាន្តសប្បាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គួបផ្សំទិវាពលកម្មអន្ដរជាតិ ១ឧសភា ឆ្នាំ២០២៣ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននីមួយៗ តាមស្ថានភាពជាក់ស្តែង។

៣-ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ញាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរដែនដី រាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវធានារក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសនៃការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៣ នេះឱ្យបានល្អ។

៤-ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជន បណ្ដាញសារព័ត៌មានសង្គមនានា ឱ្យផ្សព្វផ្សាយសារាចរណែនាំ និងសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសកម្មភាពនានា របស់កម្មករនិយោជិត ក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៣។

៥-ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្តទាំងអស់ និងរោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវជ្រើសរើសទីតាំងសមស្រប ដូចជា ដងវិថីសំខាន់ៗ និងទីតាំងរោងចក្រ សហគ្រាស ការដ្ឋាន និងកសិដ្ឋានដើម្បីធ្វើការចងបដាពាក្យស្លោកលើកតម្កើនខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា មួយចំនួនផងដែរ។

សម្ដេចតេជោក៏ណែនាំដល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំឯកសារ និងតាមដានបូកសរុបការរៀបចំ ពិធីនេះ ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាលផងដែរ។

រាជរដ្ឋាភិបាល សូមអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និយោជក កម្មករនិយោជិតកម្ពុជា និងបរទេសទាំងអស់ ចូលរួមរំលឹកខួបអបអរសាទរទិវាពលកម្មអន្ដរជាតិ ១ឧសភា នៅក្នុងបរិយាកាសសោមនស្ស រីករាយ សាមគ្គីភាព និងភាតរភាព ដើម្បីឱ្យស័ក្តិសមជាបុណ្យការងាររបស់ជាតិយើង។

ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត និងរោងចក សហគ្រាស គ្រឹះស្ថាន ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក