ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅចូលរួមពិធីបើកអង្គរសង្ក្រាន្តនៅសៀមរាប។
សម្ដេចតេជោ ហ៊ុន សែន បានផុសនៅលើបណ្ដាញតេឡេក្រាមរបស់សម្ដេច នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នេះដោយអមជាមួយនឹងរូបភាពសម្ដេចថតជាមួយនិងក្រុមគ្រួសារនិងចៅៗត្រៀមឡើងឧទ្ធម្ភាគចក្រទៅកាន់ខេត្តសៀមរាបដើម្បីចូលរួមអង្គរសង្ក្រាន្ត។
សម្ដេចសរសេរថា៖ «នាំប្រពន្ធកូននិងចៅទៅចូលរួមពិធីបើកអង្គរសង្រ្កាននៅខេត្តសៀមរាប»។
គួរឲ្យដឹងផងដែរថាព្រឹត្តិការណ៍អង្គរសង្ក្រានត្រូវបានរៀបចំឡើងជាដំបូងក្នុងឆ្នាំ២០១៣ ដែលបានបន្តរហូតដល់ឆ្នាំ២០១៩ ក្នុងខេត្តសៀមរាប មុននឹងត្រូវផ្អាករយៈពេល ៣ឆ្នាំដោយសារកូវីដ-១៩។
ឆ្នាំ២០២៣ ក៏ជាខួប ១០ឆ្នាំការរៀបចំព្រឹត្តការណ៍ដ៏ធំនេះផងដែរ៕