ថៃ៖ ស្ថានីយ៍រថភ្លើងចំណាស់ជាងគេបំផុតមួយរបស់ប្រទេសថៃកំពុងប្រឈមនឹងការវាយកម្ទេចចោល ខណៈដែលថៃកំពុងឆ្ពោះទៅមុខជាមួយនឹងការសាងសង់ខ្សែរថភ្លើងល្បឿនលឿនដែលគាំទ្រដោយចិនដែលបានពន្យារពេលជាយូរមកហើយ ដែលមូលហេតុនៃការពន្យារពេលនេះទំនងជាមានការជជែកវែកញែកអំពីការបាត់បង់នូវខ្សែរថភ្លើងវ័យចំណាស់របស់ខ្លួន ព្រមទាំងមួយផ្នែកទៀតគឺការសំដែងភាពមិនសូវជាពេញចិត្តនូវទំនាក់ទំនងជិតស្និទជាមួយចិន។
បង្គោលបេតុងគាំទ្រគម្រោងផ្លូវដែកថ្មីត្រូវបានចាក់ដាំកាត់តាមវាលស្រែ នៅលើទីតាំងនៃតំបន់ជនបទដែលមានភាពក្រីក្រ និងមានភាពស្ងប់ស្ងាត់ស្ថិតនៅភាគឦសានរបស់ប្រទេសថៃ។ ខ្សែរថភ្លើងនេះត្រូវបានគេរំពឹងថានឹងចំណាយថវិការសាងសង់ប្រមាណ ៥,៤ពាន់លានដុល្លារអាមេរិក ដែលនឹងតភ្ជាប់ពីរាជធានីបាងកក ប្រទេសថៃ ទៅកាន់ខេត្តគុនមីង ប្រទេសចិន ឆ្លងកាត់តាមប្រទេសឡាវ ដែលគេរំពឹងថានឹងរួចរាល់នៅក្នុងឆ្នាំ២០២៨ ខាងមុខ។ គួរបញ្ជាក់ថា ខ្សែរថភ្លើងល្បឿនលឿននេះគឺជាគំនិតផ្តួចផ្តើមមួយទៀតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ "ខ្សែក្រវាត់ និងផ្លូវ" ដ៏ធំរបស់ទីក្រុងប៉េកាំង ដែលកំពុងបន្តរីករាលដាលស្ទើរពាសពេញទ្វីបអាស៊ី។
នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-Cha កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងការបោះឆ្នោតសកលនៅខែក្រោយ បានទទួលជោគជ័យសម្រាប់គម្រោងផ្លូវដែកដែលមានចម្ងាយ ៦០០គីឡូម៉ែត្រនេះ ដែលគេរំពឹងថានឹងជាមធ្យោបាយជំរុញសេដ្ឋកិច្ចបន្ថែមទៀតតាមរយៈពាណិជ្ជកម្មជាមួយប្រទេសចិន។ គួរបញ្ជាក់ថា ប្រទេសថៃមានបណ្ដាញខ្សែផ្លូវដែកជិត ៥,០០០គីឡូម៉ែត្រពាសពេញប្រទេសរួចទៅហើយ ប៉ុន្តែជារថភ្លើងមិនទំនើបដែលមានរយៈពេលនៃការធ្វើដំណើរយូរ ដែលបានធ្វើឱ្យមនុស្សម្នាចូលចិត្តធ្វើដំណើរតាមផ្លូវថ្នល់ធម្មតាជាង បើទោះជាកម្រិតនៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសនេះខ្ពស់ខ្លាំងយ៉ាងណាក៏ដោយ។
នៅពេលដែលខ្សែរថភ្លើងបញ្ចប់ការសាងសង់ រថភ្លើងដែលផលិតដោយចិននឹងរត់ពីទីក្រុងបាងកកទៅកាន់ខេត្ត Nong Khai នៅតាមព្រំដែនទន្លេមេគង្គជាមួយប្រទេសឡាវ ក្នុងល្បឿនរហូតដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕