ភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានបន្លំខ្លួនជាឧត្តមសេនីយ៍ផ្កាយពីរ និងជាដៃស្តាំលោក ហ៊ុន ម៉ាណែត បានទៅដើរឆបោកជនរងគ្រោះ ដោយបញ្ជាឱ្យជនរងគ្រោះផ្តល់ប្រាក់ ១ម៉ឺនដុល្លារជាថ្នូរនឹងការចូលក្របខណ្ឌ។
មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។
បើតាមលោក រ័ត្ន ស្រ៊ាង ជនសង្ស័យបានអះអាងទៅជនរងគ្រោះថា ខ្លួនជាឧត្តមសេនីយ៍ផ្កាយពីរ ហើយជាដៃស្តាំ លោក ហ៊ុន ម៉ាណែត ដោយបង្ហាញរូបភាពជាមួយលោក ហ៊ុន ម៉ាណែត ដើម្បីឱ្យជនរងគ្រោះជឿទុកចិត្ត ហើយខ្លួនអាចជួយឱ្យជនរងគ្រោះអាចចូលក្របខណ្ឌដោយទាមទារឱ្យប្រគល់ប្រាក់ចំនួន ១ម៉ឺនដុល្លារ។
ជនរងគ្រោះបានជឿទុកចិត្ត ក៏បានប្រគល់ប្រាក់ជាដំណាក់កាលឱ្យទៅជនសង្ស័យដើម្បីរត់ការចូលក្របខណ្ឌ។ ជនសង្ស័យ បានឲ្យជនរងគ្រោះផ្ញើប្រវត្តិរូបផ្ទាល់ខ្លួន រូបថត និងឯកសារផ្សេងៗ ដើម្បីបំពេញបែបបទបញ្ចូលក្របខ័ណ្ឌ។
បន្ទាប់មក ជនសង្ស័យក៏បានប្រគល់ អត្តសញ្ញាណប័ណ្ណកងទ័ព និងលិខិតបញ្ជាបេសកកម្ម ទៅជនរងគ្រោះប្រើប្រាស់។ ក្រោយមកជនរងគ្រោះ បានសួររកប្រាក់ខែរដ្ឋ អង្គភាព និងមេកើយ ស្រាប់តែជនសង្ស័យ បានប្រាប់ថា ចាំសួរថ្នាក់លើឲ្យ និងរកលេសដោះសាររហូត ទើបជនរងគ្រោះដឹងថា ខ្លួនត្រូវបានចាញ់បោកគេ ក៏ដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង។
បន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះ អាវុធហត្ថភ្នំពេញក៏បានបើកការស្រាវជ្រាវជាបន្ទាន់ និងឈានទៅ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត នៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។
បើតាមលោក រ័ត្ន ស្រ៊ាង ជនសង្ស័យមានមុខរបរត្រឹមតែជាអ្នកគួកជេរដី និងជាតៃកុងឡានប៉ុណ្ណោះ ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចាប់យក អាវុធខ្លីកែច្នៃ ១ដើម ពុំមានម៉ាក និងឯកសារក្លែងក្លាយមួយចំនួន ពីជនសង្ស័យផងដែរ។
ជនសង្ស័យ បានទទួលស្គាល់ថា ពិតជាបានទទួលប្រាក់ពីជនរងគ្រោះ ដើម្បីរត់ការចូលក្របខ័ណ្ណពិតប្រាកដមែន ដែលការរត់ការចូលក្របខ័ណ្ឌនេះ គឺខ្លួនបានក្លែងឯកសារប្រគល់ឲ្យជនរងគ្រោះ និងបានទទួលលុយពីជនរងគ្រោះ ទើបតែបាន ៨ពាន់ដុល្លារប៉ុណ្ណោះ ក៏ត្រូវជនរងគ្រោះចាប់ចំណុចខ្សោយបានថា ខ្លួនឆបោកតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី។
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កន្លងមកធ្លាប់បានប្រាប់ទៅសមត្ថកិច្ចថា ប្រសិនឃើញនរណាម្នាក់យកឈ្មោះ និងរូបលោកទៅធ្វើរឿងខុសច្បាប់ សូមអនុវត្តតាមផ្លូវច្បាប់ទៅដោយមិនចាំបាច់សួរនាំលោកជាមុនឡើយ។
តាមរយៈការអះអាងនេះ គឺជាការដាស់តឿនដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្ន ពោលមិនត្រូវចាញ់បោកបុគ្គលដែលយកឈ្មោះ និងរូបជាមួយថ្នាក់ដឹកនាំ ឬឥស្សរជនសំខាន់ណាមួយឱ្យសោះ៕