ភ្នំពេញ៖ ជនជាតិជប៉ុន ១៩នាក់ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បណ្តេញចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់នៅកម្ពុជា។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញបុរសជនជាតិជប៉ុនចំនួន ១៩នាក់ ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅធ្វើការងារខុសច្បាប់ ចេញពីកម្ពុជា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់មិនឱ្យចូលមកប្រទេសកម្ពុជារយៈពេល ៣ឆ្នាំ។
ជនបរទេសខាងលើនេះ ត្រូវបានបណ្តេញចេញតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
ជនជាតិជប៉ុនចំនួន ១៩នាក់នេះ ត្រូវបានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវរកឃើញក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានបណ្តឹងរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីចុងខែមករា ឆ្នាំ២០២៣ កន្លងមកនេះ រួចបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។
តាមការផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ជនជាតិជប៉ុនចំនួន ១៩នាក់ដែលរស់នៅកម្ពុជា ត្រូវបានប៉ូលីសទីក្រុងតូក្យូ រាយការណ៍ថា បានឆបោកជនជាតិជប៉ុននៅប្រទេសជប៉ុនតាមទូរស័ព្ទអំឡុងខែមករា ឆ្នាំ២០២៣។ ប៉ូលីសទីក្រុងតូក្យូបានទទួលដីកាឱ្យចាប់ខ្លួនជនជាតិជប៉ុនចំនួនជិត ២០នាក់មកចាត់វិធានការតាមច្បាប់នៅប្រទេសជប៉ុន។
សមត្ថកិច្ចកម្ពុជាបានឆែកឆេរបន្ទប់សណ្ឋាគារមួយនៅក្រុងព្រះសីហនុកាលពីខែមករា ហើយបានរកឃើញបញ្ជីឈ្មោះពលរដ្ឋជប៉ុនដែលគេជឿថាជាមុខសញ្ញាក្នុងគម្រោងឆបោក។ ប៉ូលីសជប៉ុនបានរកឃើញមានបញ្ជីឈ្មោះពលរដ្ឋជប៉ុន ដោយក្នុងនោះមានឈ្មោះជនរងគ្រោះម្នាក់អាយុ ៦០ឆ្នាំដែលនៅទីក្រុងតូក្យូដែលត្រូវបានជនជាតិជប៉ុននៅកម្ពុជាឆបោកចំនួន ១ ៩០០ដុល្លារ៕