
លោក ហ៊ុន ម៉ាណែត៖ ការសម្រិតសម្រាំងគុណភាពធនធានមនុស្ស ជាមូលដ្ឋានចាំបាច់សំដៅធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញភារកិច្ច
ស្ទឹងត្រែង៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងថាការសម្រិតសម្រាំងគុណភាពធនធានមនុស្ស គឺជាមូលដ្ឋានដ៏ចាំបាច់មួយ សំដៅធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញភារកិច្ច។
លោក ហ៊ុន ម៉ាណែត លើកឡើងដូចនេះក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង យោធភូមិភាគទី១ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅខេត្តស្ទឹងត្រែង។
លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ស្របពេលដែលកិច្ចការកែទម្រង់កងយោធខេមរភូមិន្ទ កំពុងដំណើរការទៅមុខជាប់ជាប្រចាំ ដូចនេះការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធការងារ ការពង្រឹងក្បាលម៉ាស៊ីនដឹកនាំបញ្ជា និងការសម្រិតសម្រាំងគុណភាពធនធានមនុស្ស គឺជាមូលដ្ឋានដ៏ចាំបាច់មួយសម្រាប់ការកសាង និងគ្រប់គ្រងប្រភពកម្លាំង សំដៅធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញភារកិច្ច។
ក្នុងឱកាសនោះដែរ លោកក៏បានកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ ទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើន កន្លងមកទាំងលើការបំពេញភារកិច្ចស្នូល ភារកិច្ចជំនាញ និងការសហការការពារសន្តិសុខស្ថិរភាពនៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រខេត្ត ដោយធានាបាននូវសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ទន្ទឹមនោះ មេបញ្ជាការកងទ័ពជើងគោករូបនេះបានបញ្ជាក់ថា ការសម្រេចតែងតាំងលោក តន ឆៃ នូវមុខតំណែងជា «មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង» គឺពិតជាស័ក្តិសមទៅនឹងសមត្ថភាព លក្ខណៈសម្បត្តិ ស្នាដៃ និងគុណបំណាច់ ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ក្នុងរយៈកាលកន្លងមក។
គួរឱ្យដឹងដែរថា លោក តន ឆៃ ជាមេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ខណៈពេលនេះត្រូវបានតែងតាំងមុខតំណែងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង៕