ភ្នំពេញ៖ សិល្បករជើងចាស់ លោក គន្ធ តារាវណ្ណ បានទទួលមរណភាព នៅរសៀលម៉ោង ២កន្លះ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត។
កូនប្រុសរបស់លោក គន្ធ តារាវណ្ណ គឺលោក គន្ធ វណ្ណរ៉ានីត បានបញ្ជាក់ប្រាប់ EAC news ថា ឪពុករបស់ខ្លួនបានស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាល ដោយកន្លងមកគាត់មានជំងឺលើសឈាម ទឹកនោមផ្អែម ហើយកាលពីឆ្នាំ២០២២ លោក គន្ធ តារាវណ្ណ បានវៈកាត់ប្រមាត់។
សមាគមសិល្បករខ្មែរ បានបង្ហោះសារលើបណ្តាញសង្គមថា៖ «សូមចូលរួមរំលែកទុក្ខ និងសោកស្តាយជាទីបំផុត ដែលទទួលបានដំណឹងថា សិល្បករជើងចាស់ លោក គន្ធ តារាវណ្ណ បានទទួលមរណភាព នៅអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ»។
បើតាមកូនប្រុសលោក គន្ធ តារាវណ្ណ បច្ចុប្បន្នសពរបស់ឪពុក ត្រូវបានតម្កល់ និងធ្វើបុណ្យនៅវត្តទួលសង្កែ។
គួរឱ្យដឹងដែរថា លោក គន្ធ តារាវណ្ណ ជាតារាសម្ដែងប្រុសល្បីឈ្មោះតាំងពីអំឡុងឆ្នាំ១៩៨៦ ព្រមទាំងគ្រប់គ្នាស្គាល់ថា ជាអតីតតួអង្គសម្ដែងស្ដេចដ៏ល្អបំផុតនៅដើមទសវត្សរ៍ឆ្នាំ២០០០៕