សៀមរាប៖ បេះដូងក្រដាសដែលបត់ដោយស្នាដៃពលរដ្ឋនៅកម្ពុជាផ្គុំជារូបរាងសួនបេះដូង និងពាក្យខ្មែរដ៏ធំជិត ៤លានបេះដូងនៅបរិវេណប្រាសាទអង្គរវត្ត ត្រូវបានកត់ត្រាចូលក្នុងបញ្ជីបំបែកឯកត្តកម្មពិភពលោក Guinness World Record ដោយជោគជ័យនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
គណៈកម្មការវាយតម្លៃ តំណាងស្ថាប័ន Guinness World Record បានប្រកាសចំនួនបេះដូងដែលកម្ពុជាបានបត់ច្រើនជាងគេលើពិភពលោក រហូតដល់ ៣ ៩១៧ ៨០៥បេះដូង ពោលជិត ៤លានបេះដូង។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ការបត់បេះដូងក្រដាស មិនត្រឹមតែធ្វើឡើងដើម្បីបំបែកឯតទគ្គកម្មពិភពលោកតែមួយមុខប៉ុណ្ណោះទេ តែជាបេះដូងពលរដ្ឋខ្មែរបង្ហាញទឹកចិត្តសម្រាប់គាំទ្រដល់កីឡាករខ្មែរដែលមានពិការភាពក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ឱ្យដណ្តើមបានមេដាយជាច្រើនជូនជាតិ។ ជាពិសេសចង់បង្ហាញពីមោទកភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ានី ថាបេះដូងក្រដាសនីមួយៗគឺពិតជាមានតម្លៃដែលបង្ហាញពីទំហំនៃសេចក្តីស្រឡាញ់របស់ពលរដ្ឋខ្មែរ។ បើតាមលោក ហ៊ុន ម៉ានី ពលរដ្ឋខ្មែរចូលរួមបត់បេះដូងតាំងពីខែកញ្ញា ឆ្នាំ២០២២ ដោយក្នុងនោះមានពលរដ្ឋអាយុចាប់ពី ៤ឆ្នាំ ទៅ ៨៥ឆ្នាំ បានចូលរួមបត់បេះដូងក្រដាស។
នៅឆ្នាំ២០២៣ ដែលចំខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្រៅពីរៀបចំបេះដូងក្រដាសដើម្បីបំបែកឯតទគ្គកម្មពិភពលោក កម្ពុជាក៏បានត្រៀមរាំម៉ាឌីហ្សូនដើម្បីបំបែកឯតទគ្គកម្មពិភពលោក Guiness World Records ម្តងទៀតផងដែរ ដោយកាលឆ្នាំ២០១៥ កម្ពុជាបានរាំម៉ាឌីហ្សូនដែលមានអ្នករាំ ២០១៥នាក់សម្រាប់បំបែកឯកត្តកម្មពិភពលោក។
គូសរំលឹកថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០១៥ កម្ពុជាបានបំបែកឯកត្តកម្មពិភពលោក Guiness World ដោយធ្វើនំអន្សមយក្សដែលមានទម្ងន់ ៤តោន។
នៅក្នុងឆ្នាំ២០១៧ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោក លើចាប៉ីដងវែងយក្សដែលមានប្រវែង ៧,៧០ម៉ែត្រ ហើយនៅឆ្នាំ២០១៨ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោកចំនួន ២ទៀត ក្នុងនោះគឺទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣ម៉ែត្រ និងក្រមាយក្សវែងជាងគេដែលមានប្រវែង ១ ៤៤៩ម៉ែត្រ៕