ភ្នំពេញ៖ ខណៈខេត្តសៀមរាបកំពុងមមាញឹកក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តយ៉ាងអធិកអធម នៅតាមបណ្តារាជធានីខេត្តផ្សេងៗក៏មិនស្ងាត់ដែរ ពោលសុទ្ធតែកំពុងរៀបចំសង្រ្កាន្តតាមតំបន់ស្រុក ភូមិ ឃុំរៀងៗខ្លួនផងដែរ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយដល់ពលរដ្ឋគ្រប់ទិសទីក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលត្រូវនឹងឆ្នាំថោះ ថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលធ្វើឡើងនៅទឹកដីអង្គរខេត្តសៀមរាបឆ្នាំនេះ មានទីតាំងកម្សាន្តសប្បាយរីករាយចំនួន ៦ទីតាំង គឺនៅទីលានជល់ដំរី មុខអង្គរវត្ត ឆ្យូងយូ ដងស្ទឹងសៀមរាប សួនច្បារព្រះរាជដំណាក់ ដោយទីតាំងនីមួយៗមានកម្មវិធីកម្សាន្តសប្បាយរីករាយចំនួន ៤៤កម្មវិធី។
នៅឯខេត្តបាត់ដំបង បានរៀបចំសង្រ្កាន្តនៅ ២ទីតាំង ដោយទីតាំងទី១ នៅបរិវេណរូបសំណាកលោកតាដំបងក្រញ៉ូង និងទីតាំងទី២ នៅបរិវេណវិទ្យាល័យនេតយ៉ង់ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា។ ខេត្តបាត់ដំបង បានរៀបចំក្រឡានយក្ស រូបសំណាក់ទន្សាយទេវតាខ្នាតយក្ស មានកម្មវិធីកម្សាន្តសប្បាយៗ ប្រគំតន្ត្រី និងតាំងពិព័រណ៍។
ខេត្តព្រះវិហារក៏នឹងរៀបចំ «សង្រ្កាន្តព្រះវិហារ» នៅបរិវេណសាលាខេត្តព្រះវិហារចាប់ពីថ្ងៃទី១៥-១៦ ខែមេសា ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ចោលឈូង បោះអង្គញ់ ដណ្តើមស្លឹកឈើ បៀមទឹកដាក់ដប ពាំពងមាន់ លាក់កន្សែង ឡើងសសរខ្លាញ់ និងរាំលេងកម្សាន្ត។
ខេត្តពោធិ៍សាត់ នឹងរៀបចំសង្រ្កាន្តកោះសំពៅមាសពោធិ៍សាត់ នៅទល់មុខសាលាខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ ខេត្តកំពង់ធំក៏នឹងរៀបចំសង្ក្រាន្តកំពង់ធំ នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅសួនស្ទឹងសែន។
ខេត្តបន្ទាយមានជ័យ ក៏មានព្រឹត្តិការណ៍សង្រ្កាន្តផងដែរ ធ្វើរហូតដល់៣ទីតាំង គឺនៅប្រាសាទបន្ទាយឆ្មារ នៅសួនមានជ័យ និងនៅវត្តរតនារាម។
ចូលឆ្នាំខ្មែរ៣ថ្ងៃ ខេត្តកំពង់ស្ពឺក៏នឹងរៀបចំសង្ក្រាន្តផងដែរនៅបរិវេណសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត ក្រុងច្បារមន។ សង្រ្កាន្តកំពង់ឆ្នាំង នឹងរៀបចំនៅ ២ទីតាំង គឺនៅសួនច្បារសម្ដេច គង់ សំអុល មុខមជ្ឈមណ្ឌលស៊ីម៉ាក់ ក្នុងសង្កាត់ប្អេរ និងទីតាំងទី២ នៅសួនឈ្វាំងសែនជ័យ។ ខេត្តស្វាយរៀង នឹងរៀបចំសង្រ្កាន្តនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង។
រីឯខេត្តជាប់សមុទ្រ គឺខេត្តកំពត នឹងធ្វើសង្រ្កាន្តកំពតនៅរង្វង់មូលផ្លែទុរេន ដោយមានការរៀបចំជាស្តង់លក់ផលិតផល និងស្តង់បំផុសឱ្យពលរដ្ឋចេះធ្វើនំប្រពៃណីខ្មែរ។ ខេត្តកែប នឹងរៀបចំនៅបរិវេណសួនច្បារខាងមុខសាលាខេត្តកែប។ សង្រា្កន្តនៅខេត្តកោះកុង នឹងធ្វើនៅ ៤ទីតាំង គឺនៅសួនច្បារមុខសាលាខេត្ត បរិវេណវត្តទេពនិមិត្ត បរិវេណវត្តជោតញ្ញាណ និងឆ្នេរសមុទ្រប៉ាក់ខ្លង។ ខេត្តព្រះសីហនុ ក៏នឹងរៀបចំសង្រ្កាន្តនៅទីរួមខេត្តព្រះសីហនុ។
សម្រាប់ខេត្តមណ្ឌលគិរី ក៏នឹងរៀបចំសង្ក្រាន្តសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ហើយខេត្តរតនគិរី ក៏នឹងធ្វើសង្រ្កាន្តនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។
ក្រឡេកទៅមើលខេត្តកណ្តាលវិញ ក៏នឹងរៀបចំសង្រ្កាន្តនៅភ្នំព្រះរាជទ្រព្យ ឬភ្នំភ្នំឧដុង្គ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
ដោយឡែកនៅរាជធានីភ្នំពេញ ក៏មិនស្ងាត់ដែរ ពោលគឺមានព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំជាមួយការរៀបចំតុបតែងភ្លើងព័ណ៌មិនចាញ់បណ្តាខេត្តផ្សេងៗផងដែរ។
មុនចូលឆ្នាំប្រពៃណីខ្មែរមកដល់ នៅតាមបណ្តាសាលារៀន វត្តអារាម និងស្ថាប័នផ្សេងៗ បានរៀបចំសង្រ្កាន្តដោយបង្កើតកម្មវិធីកម្សាន្តសប្បាយៗ។ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅតាមផ្ទះ ស្ថាប័ន ក្រុមហ៊ុន និងទីតាំងនានាបានតុបតែងភ្លើងចម្រុះពណ៌ រៀបចំបោសសំអាតគេហដ្ឋាន និងរៀបចំគ្រឿងលម្អបង្ហាញពីវប្បធម៌ប្រពៃណីខ្មែរជាដើម៕