រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

គុយវ៉ែតបង្ហាញអ្នកអានព័ត៌៌មានជាបញ្ញាសិប្បនិម្មិត (AI) លើកដំបូងបង្អស់

គុយវ៉ែត៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយរបស់គុយវ៉ែត បានបង្ហាញអ្នកធ្វើបទបង្ហាញ ឬហៅថាជាពិធីករព័ត៌មានបែបបញ្ញាសិប្បនិម្មិត (AI) ដោយមានផែនការក្នុងការប្រើប្រាស់អ្នកអានព័ត៌មាននិម្មិតនេះសម្រាប់អានព្រឹត្តិបត្រព័ត៌មានលើអនឡាញ។ អ្នកអានព័ត៌មាននិម្មិតដែលគេឱ្យឈ្មោះថា "Fehda" បានបង្ហាញខ្លួននៅលើគេហទំព័រ Twitter របស់សារព័ត៌៌មានគុយវ៉ែតមួយកាលពីថ្ងៃសៅរ៍ ទី០៨ ខែមេសា ក្នុងទម្រង់ជាស្រ្តីម្នាក់ មានសក់ពណ៌ទង់ដែងស្រាល ពុំមានទទូរអ្វីបិទបាំងនោះឡើយ ហើយពាក់អាវយឺតពណ៌-ស និងអាវក្រៅពណ៌ខ្មៅ។ 

នៅក្នុងវីដេអូខ្លីនោះ គេបានឃើញ Fehda និយាយជាភាសាអារ៉ាប់ថា ដែលបកប្រែជាភាសាខ្មែរថា៖ "ខ្ញុំគឺ Fehda ជាអ្នកធ្វើបទបង្ហាញព័ត៌មានដំបូងគេនៅក្នុងប្រទេសគុយវ៉ែតដែលធ្វើការជាមួយនឹងបញ្ញាសិប្បនិម្មិត (artificial intelligence) នៅសារព័ត៌មាន Kuwait News។ តើព័ត៌មានប្រភេទណាដែលអ្នកពេញចិត្ត? តោះយើងខ្ញុំនឹងស្តាប់យោបល់របស់អ្នក"។ គួរបញ្ជាក់ថា គេហទំព័រដែលប្រើប្រាស់អ្នកធ្វើការបង្ហាញព័ត៌មានជា AI នេះ គឺជាស្ថាប័នដែលរួមគ្នាជាមួយនឹងសារព័ត៌៌មាន Kuwait Times ដែលបានកកើតឡើងតាំងពីឆ្នាំ១៩៦១ ហើយសារព័ត៌៌មាន Kuwait Times គឺជាសារព័ត៌មានក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ដំបូងគេបង្អស់ដែលមានការចេញផ្សាយព័ត៌មានជាភាសាអង់គ្លេសប្រចាំថ្ងៃ។ 

លោក Abdullah Boftain និពន្ធនាយករងនៃស្ថាប័នព័ត៌មាននេះបាននិយាយថា ការផ្លាស់ប្តូរនេះគឺជាការសាកល្បងសក្តានុពលរបស់ AI ក្នុងការផ្តល់ជូននូវ "ខ្លឹមសារថ្មី និងច្នៃប្រឌិត"។ លោកបន្តថា នាពេលអនាគត Fedha អាចទទួលយកការអានសង្កត់សំឡេងបែបជនជាតិគុយវ៉ែត ហើយនឹងអាចក្លាយជាអ្នកអានព្រឹត្តិបត្រព័ត៌មាននៅលើគណនី Twitter របស់ស្ថាប័នព័ត៌មាននេះដែលបច្ចុប្បន្នមានអ្នកចុច Follow ប្រមាណជា ១,២លាននាក់។

គួរបញ្ជាក់ថា វីដេអូប្រមាណជា ១៣វិនាទីរបស់ Fehda នៅលើប្រព័ន្ធ Twitter បានទាញយកចំណាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ក៏ដូចជាមានការជជែកពីសំណាក់អ្នកសារព័ត៌មានអាជីពផងដែរ។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ត្រូវបានប្រើប្រាស់ជាប្រយោជន៍ដល់វិស័យនានាជាច្រើនរួមមានវិស័យសុខាភិបាល និងអាកាសធាតុជាដើម។ ប៉ុន្តែ​យ៉ាងណាមិញ AI ក៏ហាក់ជាក្តីកង្វល់សម្រាប់ពិភពលោកផងដែរ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ការនាំឱ្យបាត់បង់ការងាររបស់មនុស្ស ឬប៉ះពាល់ដល់ស្នាដៃសិល្បៈជាដើម -ល-៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក