សៀមរាប៖ បេះដូងក្រដាសដែលពលរដ្ឋខ្មែរគ្រប់ទិសទីបានបត់ ត្រូវបានផ្គុំទៅជា «រូបបេះដូងដ៏ធំ» និង «ពាក្យខ្មែរដ៏ធំ» បង្ហាញនៅប្រាសាទអង្គរវត្ត បង្កើនសម្រស់ដ៏ស្រស់បំព្រង ដើម្បីត្រៀមបំបែកឯតទគ្គកម្មពិភពលោក នៅថ្ងៃអង្គារទី១១ ខែមេសា ឆ្នាំ២០២៣នេះ។
បេះដូងក្រដាសចំនួន ១លាន ដែលបេះដូងមួយមានតម្លៃស្មើនឹង ៥០០រៀល មិនត្រឹមតែធ្វើឡើងក្នុងគោលបំណងដើម្បីបំបែកឯតទគ្គកម្មពិភពលោកតែមួយមុខប៉ុណ្ណោះទេ តែបេះដូងនេះគឺតំណាងឱ្យបេះដូងខ្មែរដែលលោតព្រមគ្នាក្នុងចង្វាក់តែមួយសម្រាប់បង្ហាញទៅពិភពលោកឱ្យបានឃើញពីស្មារតី និងទំហំចិត្តរបស់ពលរដ្ឋខ្មែរដែលគាំទ្រដល់កីឡាករខ្មែរដែលមានពិការភាព ហើយក៏ដើម្បីអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
សាធារណជនអាចអញ្ជើញទៅចូលរួមទស្សនាព្រឹត្តិការណ៍បំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» នៅប្រាសាទអង្គរវត្តវេលាម៉ោង៤រសៀល ថ្ងៃអង្គារនេះដោយសេរី ដើម្បីជាសាក្សីនៃការបំបែកឯតទគ្គកម្មពិភពលោក។
នៅឆ្នាំ២០២៣ ដែលចំខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្រៅពីរៀបចំបេះដូងក្រដាសដើម្បីបំបែកឯតទគ្គកម្មពិភពលោក កម្ពុជាក៏បានត្រៀមរាំម៉ាឌីហ្សូនដើម្បីបំបែកឯតទគ្គកម្មពិភពលោក Guiness World Records ម្តងទៀតផងដែរ ដោយកាលឆ្នាំ២០១៥ កម្ពុជាបានរាំម៉ាឌីហ្សូនដែលមានអ្នករាំ ២០១៥នាក់សម្រាប់បំបែកឯកត្តកម្មពិភពលោកម្តងរួចមកហើយ។
គូសរំលឹកថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០១៥ កម្ពុជាបានបំបែកឯកត្តកម្មពិភពលោក Guiness World ដោយធ្វើនំអន្សមយក្សដែលមានទម្ងន់ ៤តោន។
នៅក្នុងឆ្នាំ២០១៧ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោក លើចាប៉ីដងវែងយក្សដែលមានប្រវែង ៧,៧០ម៉ែត្រ ហើយនៅឆ្នាំ២០១៨ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោកចំនួន ២ទៀត ក្នុងនោះគឺទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣ម៉ែត្រ និងក្រមាយក្សវែងជាងគេដែលមានប្រវែង ១ ៤៤៩ម៉ែត្រ៕
PHOTO: Beyond the Games