សូមបង្កើនការប្រុងប្រយ័ត្ន! កម្ពុជានឹងឡើងកម្តៅដល់ ៣៩អង្សា និងមានភ្លៀងធ្លាក់លាយឡំផ្គរ និងខ្យល់កន្ត្រាក់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា អាកាសធាតុនៅកម្ពុជានឹងឡើងកម្តៅដល់ ៣៩អង្សា ជាមួយនឹងមានភ្លៀងធ្លាក់លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅសប្តាហ៍ខាងមុខនេះ។ ដូច្នេះក្រសួងអំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ។
ក្រសួងធនធានទឹកបានប្រាប់ឱ្យដឹងថា អាកាសធាតុឡើងកម្តៅក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ ដោយសារកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយ ទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល។
ស្ថានភាពទាំងនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣៥-៣៩អង្សា។ ចាប់ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨អង្សា។ ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំណែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សា ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹក បានអំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕