ម៉ាឡេស៊ី៖ បុរសចំណាស់វ័យ ៨៤ឆ្នាំម្នាក់រស់នៅតំបន់ Kluang នៃរដ្ឋ Johor ប្រទេសម៉ាឡេស៊ី បានមានអាការៈពុលកាលពីថ្ងៃទី២៥ ខែមីនា រហូតដល់ស្លាប់បាត់បង់់ជីវិតនៅថ្ងៃទី០៨ ខែមេសា ក្រោយពីបរិភាគត្រីក្រពត។ ផ្អែកតាមសារព័ត៌មាន Bernama បានឱ្យដឹងថា បើតាមព័ត៌មាន លោក Ling Tian Soon ប្រធានគណៈកម្មាធិការសុខាភិបាលនៃទីក្រុង Johor បានបញ្ជាក់ថា បុរសដែលបានស្លាប់នេះត្រូវជាស្វាមីរបស់លោកយាយម្នាក់វ័យ ៨៣ឆ្នាំដែលបានស្លាប់ដោយសារពុលត្រីក្រពតនេះដូចគ្នា។
បើតាមប្រភពដដែលបានបញ្ជាក់ថា ប្តីប្រពន្ធវ័យចំណាស់ខាងលើនេះបានពុលត្រីក្រពត ដែលពួកគាត់បានទិញពីអ្នកលក់អនឡាញតាមហ្វេសប៊ុកម្នាក់។ ដោយឡែក ភរិយារបស់លោកតាវ័យ ៨៤ឆ្នាំខាងលើនេះ ត្រូវបានគេបញ្ជាក់់ថាបានស្លាប់តាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ។ លោក Ling ក៏បានធ្វើការប្រកាសពីមូលហេតុនៃការស្លាប់នេះថាបណ្តាលមកពីការពុលអាហារដោយសារការបរិភោគត្រីក្រពត។
លោក Ling បានបញ្ជាក់ថា មូលហេតុនៃការស្លាប់គឺត្រូវគេបញ្ជាក់ថាជាការពុលអាហារជាមួយនឹងប្រតិកម្មនៃប្រព័ន្ធប្រសាទ ដែលបណ្តាលឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវដង្ហើម ជាមួយនឹងជំងឺបេះដូង ដោយសារតែការទទួលទានជាតិពុល ciguatera ឬ tetrodotoxin ពីត្រី pufferfish ដែលខ្មែរយើងហៅថាត្រីក្រពត។
បច្ចុប្បន្ននេះ សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យផ្នែកកោសល្យវិច្ច័យរួចប្រគល់ឱ្យសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក នាយកដ្ឋានសុខភាពរដ្ឋ Johor បានចាត់វិធានការរួចហើយនៅពេលដែលរបាយការណ៍ស្តីពីករណីដំបូងត្រូវបានទទួល និងធ្វើការស៊ើបអង្កេតដោយកំណត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់ អ្នកលក់ដុំ និងអ្នកលក់ដែលពាក់ព័ន្ធនឹងការចែកចាយត្រីក្រពត៕