គុយវ៉ែត៖ ប្រទេសគុយវ៉ែតបានប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មីកាលពីថ្ងៃអាទិត្យ ទី០៩ ខែមេសាម្សិលមិញនេះ ដែលនេះគឺជារដ្ឋាភិបាលថ្មីជាលើកទី៧ហើយក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំចុងក្រោយប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះបានចាក់ស្រែះទៅក្នុងវិបត្តិនយោបាយរវាងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ។
ថ្វីបើគុយវ៉ែតជាប្រទេសតែមួយគត់ក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ដែលមានរដ្ឋាភិបាលធ្វើឡើងតាមរយៈការបោះឆ្នោត ក៏ប៉ុន្តែគុយវ៉ែតនៅតែមានបញ្ហាជាប់គាំងនៅក្នុងភាពចលាចលផ្នែកនយោបាយ ដែលបានបញ្ឈប់ការកែទម្រង់ក្នុងប្រទេសគុយវ៉ែត ដែលជាប្រទេសផលិតប្រេងឆៅដ៏ធំបំផុតមួយរបស់ពិភពលោក។
គុយវ៉ែតគឺជាប្រទេសដែលមានប្រេងបម្រុងច្រើនបំផុតមួយ ក៏ប៉ុន្តែសេវាសុខាភិបាល ជាពិសេសមន្ទីរពេទ្យក៏ដូចជាវិស័យអប់រំរបស់ប្រទេសនេះកំពុងស្ថិតក្នុងសភាពទ្រុឌទ្រោម ដោយសារតែបញ្ហាជម្លោះនយោបាយមិនឈប់ឈរ។ ប្រទេសនេះទទួលរងនូវការប្រឈមមុខដាក់គ្នាឥតឈប់ឈររវាងសមាជិកសភាជាប់ឆ្នោត និងគណៈរដ្ឋមន្ត្រីដែលត្រូវបានរៀបចំដោយត្រកូល Al-Sabah ដែលកំពុងកាន់អំណាច ដែលរក្សាការក្ដោបក្តាប់ខ្លាំងលើឆាកនយោបាយ។
នាយករដ្ឋមន្ត្រី លោក Ahmad Nawaf al-Ahmad Al-Sabah បានដាក់សំណើសុំលាលែងពីតំណែងរបស់រដ្ឋាភិបាលមុនក្នុងខែមករា ខណៈដែលសមាជិកសភាគ្រោងនឹងសាកសួររដ្ឋមន្ត្រីជុំវិញការគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋ និងវិក័យប័ត្របន្ធូរបន្ថយបំណុលដែលនឹងផ្តល់ការលើកលែងបំណុលដល់ពលរដ្ឋគុយវ៉ែត។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែមីនា តុលាការធម្មនុញ្ញបានចាត់ទុកជាមោឃៈនូវលទ្ធផលនៃការបោះឆ្នោតនៃស្ថាប័ននីតិបញ្ញត្តិដែលបានធ្វើឡើងកាលពីឆ្នាំមុន ដែលគណបក្សប្រឆាំងបានទទួលអាសនៈច្រើនជាងគេ ហើយបានសំរេចឱ្យសុពលភាពទៅលើសភាចាស់ដដែល៕