ជប៉ុន៖ អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃចន្ទនេះថា ជប៉ុនបានតាមដានសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់យ៉ាងខ្ជាប់ខ្ជួន និងដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពោលគឺនៅថ្ងៃចុងក្រោយនៃសមយុទ្ធមួយដែលទីក្រុងប៉េកាំងបានក្លែងធ្វើដូចជាការវាយប្រហារលើកោះតៃវ៉ាន់។ គួររំឮកថា ប្រទេសចិនបានប្រកាសពីការធ្វើសមយុទ្ធយោធារយៈពេលបីថ្ងៃ ពោលគឺចាប់ផ្តើមកាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានវិលត្រឡប់មកដល់ទីក្រុងតៃប៉ិវិញ ក្រោយពីមានកិច្ចប្រជុំនៅទីក្រុង Los Angeles ជាមួយប្រធានសភាតំណាងសហរដ្ឋអាមេរិក លោក Kevin McCarthy។
កន្លងមក ចិនតែងតែអះអាងជានិច្ចថាដែនដីនៃកោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយនឹងមិនរុញរាឡើយក្នុងកាលៈទេសៈណាមួយដែលនឹងត្រូវប្រើប្រាស់កម្លាំងដោយបង្ខំដើម្បីនាំយកដែនកោះនេះមកក្រោមការគ្រប់គ្រងរបស់ចិនវិញ។ ដោយឡែក ជប៉ុនតែងតែបង្ហាញពីក្ដីបារម្ភជានិច្ចជុំវិញសកម្មភាពយោធារបស់ចិននៅជុំវិញតំបន់ក្បែរកោះតៃវ៉ាន់ និងសកម្មភាពក្បែរៗកោះភាគខាងត្បូងរបស់ខ្លួន។
គួរបញ្ជាក់ថា កោះអូគីណាវ៉ា (Okinawa) ដែលស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន មានមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ហើយកាលពីខែសីហាឆ្នាំមុន នៅពេលដែលប្រទេសចិនបានរៀបចំល្បែងសង្រ្គាមដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាអាមេរិក លោកស្រី Nancy Pelosi មកកាន់ទីក្រុងតៃប៉ិ មីស៊ីលរបស់ចិនក៏បានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនផងដែរ។ សហរដ្ឋអាមេរិកឯណោះវិញ ក៏បានប្រកាសថាខ្លួននឹងបន្តតាមដានយ៉ាងជិតស្និទជុំវិញសមយុទ្ធយោធារបស់ចិននៅក្បែរកោះតៃវ៉ាន់នេះ។
ក្នុងសមយុទ្ធយោធានេះ គេប្រទះឃើញយោធាចិនក្លែងធ្វើការវាយប្រហារយ៉ាងជាក់លាក់ប្រឆាំងនឹងកោះតៃវ៉ាន់ក្នុងថ្ងៃទីពីរនៃសមយុទ្ធជុំវិញកោះកាលពីថ្ងៃអាទិត្យ។ មិនត្រឹមតែប៉ុណ្ណោះ គេបានសង្កេតឃើញរូបភាពនៃអ្នកបើកយន្តហោះដែលត្រៀមប៊ូតុងចុចហាក់ដូចជាមានការវាយប្រហារមកលើតៃវ៉ាន់ ហើយបានចុចប៊ូតុងនោះទៀតផង ប៉ុន្តែគេមិនបានឃើញកាំជ្រួច ឬអាវុធណាមួយមានការប្រើប្រាស់នោះឡើយ៕